(ភ្នំពេញ)៖ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក រិចឆ្នឺរ បានទទូចឲ្យអាជ្ញាធរយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ទៅលើកុមារ បន្ទាប់ពីមានកុមារកាន់តែច្រើន បានចូលទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។
លោក រិចឆ្នឺរ បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះថា រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧-១៨ ខែកក្កដា នេះ មានកុមារមានជំងឺធ្ងន់ធ្ងរបំផុតរហូតដល់ទៅ ៩៥៦នាក់ បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ លោក រិចឆ្នឺរ ឲ្យដឹងទៀតថា នៅថ្ងៃចន្ទ ម្សិលមិញនេះ មានការវះកាត់ចំនួន ៨២ករណី និង មានជំងឺគ្រុនឈាមធ្ងន់ធ្ងររហូតដល់ទៅ ១៤១ករណី ហើយមានកុមារ ៣,៤៥៣នាក់ បានចូលទៅពិគ្រោះព្យាបាលជំងឺ។
ស្ថាបនិកមន្ទីរពេទ្យមនុស្សធម៌រូបនេះ ក៏បានឲ្យដឹងផងដែរថា មានកុមារ ៧៥នាក់ បានកើតជំងឺរលាកខួរក្បាលធ្ងន់ធ្ងរបំផុត និង ២៥នាក់ទៀត រលាកស្រោមខួរ។
គិតត្រឹមម៉ោង ៦ព្រឹកថ្ងៃទី១៩ ខែកក្កដា មានកុមារឈឺធ្ងន់ៗ ២៥៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក រិចឆ្នឺរ។
លោក រិចឆ្នឺរ បានសង្កត់ធ្ងន់ថា ៨០ភាគរយ នៃកុមារមានជំងឺនេះ នឹងពុំមានសំណាងនោះទេ បើមិនបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទេនោះ ខណៈដែលអាណាព្យាបាលមានជីវភាពទីទ័លក្រ ហើយខ្លះក្រខ្លាំងមែនទែន។
បើតាមលោក រិចឆ្នឺរ នៅយប់ថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃចន្ទ មានកុមារឈឺធ្ងន់បំផុតរហូតដល់ទៅ ៩២នាក់ ត្រូវបានដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយកុមារទាំងនោះយកចេញមកពីគ្លីនិកឯកជន និងមន្ទីរពេទ្យបង្អែក៕