(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សេវាដឹកជញ្ជូនផ្លូវ អាកាសជាមួយនឹង អាជ្ញាធរអាកាសចរស៊ីវិលប្រទេសហ្វាំងឡង់ ដើម្បីបើកចំហរទីផ្សារ អនុញ្ញាតឲ្យមាន ការហោះហើរត្រង់ រវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក សិរី វត្ថា បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើង នៅថ្ងទី១៨ ខែកក្កដា នាទីស្តីការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ហើយការហត្ថលេខានេះ គឺជាការបើកផ្លូវ ក៏ដូចជាការបង្កលក្ខណៈងាយស្រួល ដល់ក្រុមហ៊ុនអាកាសចរណ៍ ទាំងឡាយដែលចង់ហោះហើរ ឬចង់ធ្វើ Code Share អាចហោះហើរត្រង់មកកាន់កម្ពុជា។
លោកបានលើកជាឧទាហរណ៍ថា ប្រសិនបើក្រុមហ៊ុន អាកាសចរណ៍របស់ហ្វាំងឡង់ ដែលមានបំណងចង់ហោះហើរត្រង់ មកកាន់កម្ពុជា ហើយមិនអាចហោះហើរបានដោយសារ ចំនួនអ្នកជិះតិចនោះ ក្រុមហ៊ុននោះអាចធ្វើ Code Share ជាមួយក្រុមហ៊ុនផ្សេងទៀត។
លោកថា «យើងគិតថា មិនមានភ្ញៀវគ្រប់គ្រាន់សម្រាប់ការហោះហើរត្រង់បានទេ គឺមានតែតាមរយៈ Code share។ សម្រាប់កម្ពុជាបើមានបំណងចង់ហោះហើរទៅហ្វាំងឡង់ ក៏ធ្វើតាមរបៀប Code share នេះដែរ ដែលនេះគឺជាការបើកចំហរទីផ្សារ និងបង្កលក្ខណៈឲ្យមានទីផ្សារថ្មីមួយទៀត សម្រាប់ការហោះហើរ»។
អ្នកនាំពាក្យដដែលរូបនេះបានបន្តថា ចំពោះការត្រូវហោះហើរនៅពេលណានោះ គឺអាស្រ័យទៅក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសនីមួយៗ ដែលជាទូទៅ កាលណាចុះហត្ថលេខារួច នឹងមានរយៈពេលមួយចូលជាធរមាន ក្នុងរយៈពេលនេះ ក្រុមហ៊ុនណាដែលមានចំណាប់អារម្មណ៍ ចង់ហោះហើរមកកាន់កម្ពុជា ឬក្រុមហ៊ុនពីកម្ពុជា ចង់ហោះហើរទៅហ្វាំងឡង់នោះ ពួកគេនឹងទំនាក់ទំនងអាកាសចរណ៍ នៃប្រទេសទាំងពីរ ដែលនេះជាការពង្រីកនូវការបើក ចំហរទីផ្សារហោះហើរ។
រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានចាត់ទុកថា ការចុះកិច្ចព្រមព្រៀងនេះ ជាសមិទ្ធិផលថ្មីមួយទៀតរបស់កម្ពុជា ក្រោមគោល នយោបាយបើកចំហរជើងមេឃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទាក់ទាញការហោះហើរត្រង់មកកម្ពុជា នាំឱ្យមានកំណើនអ្នកធ្វើដំណើរ តាមផ្លូវអាកាស កំណើនភ្ញៀវទេសចរណ៏ កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕