(ភ្នំពេញ)៖ លោក អៀម គន្ធឌី រដ្ឋលេខាធិការ តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ានលើកទី១១ និងកិច្ចប្រជុំរដ្ឋមន្ត្រីសង្គមកិច្ច អាស៊ានបូកបីលើកទី៧ ក្រោមប្រធានបទស្តីពី «ការពន្លឿនក្នុងការអនុវត្តសេចក្តីប្តេជ្ញាចិត្តអាស៊ាន សម្រាប់សមភាពយេនឌ័រ តាមរយៈការបញ្ជ្រាបយេនឌ័រ និងបរិយាបន្នសង្គម» តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានការចូលរូមពីរដ្ឋមន្រ្តីទទួលបន្ទុកសុខុមាលសង្គម និងអភិវឌ្ឍន៍នៃរដ្ឋជាសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និង អគ្គលេខាធិការអាស៊ាន។

លទ្ធផលនៃកិច្ចប្រជុំគឺរដ្ឋជាសមាជិកអាស៊ានទាំងអស់បានឯកភាពគ្នា និងចេញសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារដូចតទៅ៖

១. លើកទឹកចិត្ត រដ្ឋជាសមាជិកទាំងអស់ឱ្យបង្កើត និងពិនិត្យឡើងវិញនូវគោលនយោបាយ និងកម្មវិធីដែលពាក់ព័ន្ធ ស្របតាមការប្តេជ្ញាចិត្តអាស៊ានសម្រាប់សមភាពយេនឌ័រ តាមរយៈការបញ្ជ្រាបយេនឌ័រ និងការធ្វើបរិយាបន្នសង្គមតាមរយៈសសរស្តម្ភអាស៊ានទាំងបី (រួមមាន សន្តិសុខនិងនយោបាយ សេដ្ឋកិច្ច និងសង្គមវប្បធម៌) ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីលេខាធិការដ្ឋានអាស៊ាន។

២. លើកទឹកចិត្ត រដ្ឋជាសមាជិកទាំងអស់ឱ្យអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព តាមរយៈការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃផែនការមេសម្រាប់អាស៊ានឆ្នាំ ២០២៥៖ ការបញ្ជ្រាបសិទ្ធិជនមានពិការភាព និងសកម្មភាពបន្តនៃផែនការមេអាស៊ាន។

៣. ពន្លឿនកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិនិងតំបន់ ដឹកនាំដោយអាស៊ាន ដែលរួមចំណែកដល់ការចែករំលែកចំណេះដឹង សមត្ថភាពបច្ចេកទេស និងការកសាងសមត្ថភាព ស្តីពីការបញ្ជ្រាបយេនឌ័រ និងបរិយាបន្នសង្គម។

៤. រៀបចំបណ្តាញថ្នាលជាមួយភាគីពាក់ព័ន្ធនានា រួមទាំងអង្គការសង្គមស៊ីវិល សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសន្ទនាប្រកបដោយអត្ថន័យ ឆ្ពោះទៅរកអាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល។

៥. គាំទ្រយន្តការស្ថាប័នអាស៊ានទាំងមូលមួយ សម្រាប់សមភាពយេនឌ័រ និងដំណើរការអន្តររដ្ឋាភិបាលក្នុងចំណោមរដ្ឋជាសមាជិក ដើម្បីបង្កើតគំនិតផ្តួចផ្តើម និងកម្មវិធី ដែលមានលក្ខណៈបញ្ជ្រាបយេនឌ័រ ផ្តោតលើយេនឌ័រ ប្រកបដោយបរិយាបន្ននៅក្នុងតំបន់។

៦. ធ្វើឱ្យប្រសើរឡើងនូវ ការប្រមូល ការប្រើប្រាស់ និងការវិភាគព័ត៌មានយេនឌ័រ និងទិន្នន័យបែងចែកភេទ ជាពិសេសទាក់ទងនឹង គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងពង្រឹងការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរទិន្នន័យ ព័ត៌មាន និងការសិក្សា ដែលមានសារៈសំខាន់ក្នុងគុណតម្លៃនៃការផ្សព្វផ្សាយពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងបរិយាបន្នសង្គម និងដើម្បីគាំទ្រដល់អ្នកបង្កើតគោលនយោបាយ ក្នុងការវាយតម្លៃស្ថានភាព និងបង្កើតគោលនយោបាយដែលផ្អែកលើភស្តុតាង និងថវិកាសមស្រប ដើម្បីបន្តធ្វើវឌ្ឍនភាពពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងបរិយាបន្នសង្គម។

៧. លើកទឹកចិត្តរដ្ឋជាសមាជិកអាស៊ានទាំងអស់ ឱ្យបង្កើតយុទ្ធសាស្ត្រអាស៊ានមួយ ដោយផ្តោតលើវិធីសាស្ត្រគ្រួសារជាស្នូល ដែលពង្រឹងសុខុមាលភាពនិងអភិវឌ្ឍគ្រួសារ ភាពធន់គ្រួសារ និងសាមគ្គីភាពគ្រួសារ ដើម្បីឆ្លើយតបទៅនឹងការប្រឈមដែលគ្រួសារជួបប្រទះ និងដោះស្រាយបញ្ហាដែលកើតមានឡើង និងកង្វល់របស់គ្រួសារជាទូទៅ តាមរយៈការប្រារព្វ «ទិវាគ្រួសារអាស៊ាន» ដើម្បីអបអរក្នុងខែឧសភារៀងរាល់ឆ្នាំ។

រីឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានបូកបី ទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ លើកទី៧ ទទួលបានលទ្ធផលគឺ៖ បញ្ជាក់ជាថ្មី នូវការប្តេជ្ញារបស់ខ្លួនក្នុងការធ្វើការរួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតំបន់ ស្តីពីសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ តាមរយៈការពន្លឿនការប្តេជ្ញាចិត្តអាស៊ានសម្រាប់សមភាពយេនឌ័រ ដោយធ្វើការបញ្ជ្រាបយេនឌ័រ និងបរិយាបន្នសង្គម៕