(ក្រចេះ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានប្រារព្ធពិធីទទួលថវិកាពីសប្បុរសជន និងអបអរសាទរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍក្រហម ៨ ឧសភា  ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ក្នុងនោះទទួលថវិកាពីសប្បុរសជនចំនួន៨០,៦៣៦​ដុល្លារអាមេរិក​។

ពិធីនេះដែរមានការចូលរួមពីលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្ត លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ និងសប្បុរសជនជាច្រើនកុះករ។

លោក ព្រុំ សុខា បានថ្លែងអំណរគុណបំផុតចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាក្នុងការចូលរួមបរិច្ចាកថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសមាគមន៍ជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈម និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

លោកបន្តទៀតថា ក្រោមការដឹកនាំរបស់សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទល្រហមក្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ ជាក់ស្ដែកអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កាកបាទក្រហមកម្ពុជាបានដើរតួយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារមនុស្សធម៌៕