(សៀមរាប)៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ/អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅសាលប្រជុំសាលាខេត្តសៀមរាប។

លោក រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានលើកឡើងអំពីគោលបំណងនៃការអប់រំផ្សព្វផ្សាយនេះ គឺផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹងការប្រព្រឹត្តមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងវិធីសាស្រ្ត និងតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្មរបស់អង្គការសហប្រជាជាតិ។ វគ្គនេះដែរ ត្រូវបានរៀបចំប្រមូលផ្តុំមន្រ្តីទទួលខុសត្រូវ ជាពិសេសមន្រ្តីគ្រប់គ្រងកន្លែងឃុំឃាំងជនដែលត្រូវបានដកហូតសេរីភាពនៅតាមបណ្តាខេត្តនីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ និងការប្រឆាំងទារុណកម្ម។

លោកក៏មានធ្វើការបង្ហាញពីបទដ្ឋានជាតិ/អន្តរជាតិទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងលិខិតបទដ្ឋានជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងការប្រឆាំងទារុណកម្ម ព្រមទាំងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។ វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយនេះដែរ ក៏មានលើកនូវសំណូមពរមួយចំនួនដល់ គ.ជ.ប.ទ ក្នុងការបង្កើតឲ្យមានគណៈកម្មាធិការនៅថ្នាក់ខេត្តផងដែរ។

ទន្ទឹមនឹងនោះដែរ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានលើកឡើងថា គោលបំណងអប់រំផ្សព្វផ្សាយនេះនឹងផ្ដល់នូវការយល់ដឹងបន្ថែមទៀតអំពីសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្មរបស់អង្គការសហប្រជាជាតិ។

លោកថា ការធ្វើទារុណកម្ម និងការប្រព្រឹត្តិមិនគប្បី ឃោរឃៅ អមនុស្សធម៌ មិនមែនជាវិធានការចាំបាច់ ដែលត្រូវយកមកអនុវត្តចំពោះអ្នកដែលត្រូវបានដកហូតសេរីភាព នោះឡើយ។ ផ្ទុយទៅវិញការប្រព្រឹត្តបែបនេះ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ វាជាអំពើអយុត្តិធម៌ ដែលអាចបង្កើតឲ្យមានគំនិត គុំគួនគ្នាមិនចេះចប់មិនចេះហើយផងដែរ។

លោកបន្តថា ការអប់រំផ្សព្វផ្សាយនេះនឹងផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិ/អន្តរជាតិទាក់ទងនឹងការប្រព្រឹត្តិមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងវិធីសាស្រ្តបន្ថែមនៃតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ។

លោកក៏រំពឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធនឹងទទួលបានការយល់ដឹងអំពីលិខិតបទដ្ឋានជាតិ/អន្តរជាតិពាក់ព័ន្ធទៅលើជនដែលត្រូវបានដកហូតសេរីភាព ដើម្បីបង្ការទប់ស្កាត់ និងការប្រឆាំងទារុណកម្ម ព្រមទាំងយល់ដឹងអំពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ ផងដែរ៕