(ភ្នំពេញ)៖ គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិប្រកាសគាំទ្រពេញទំហឹងចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបដិសេធចោលបណ្ដឹងគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ។

តាមរយៈញត្តិដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាន គណបក្សកម្លាំងប្រជាធិបតេយ្យ ចាត់ទុកថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបដិសេធចោលបណ្ដឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជារឿងត្រឹមត្រូវ និងតម្លាភាពសម្រាប់គណបក្សទាំងអស់ដែលបាន ចូលរួមចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងញត្តិបានបញ្ជាក់ទៀតថា៖ «គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះការអនុវត្តច្បាប់របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយផ្អែកលើ នីតិរដ្ឋ និងគោលការណ៍សេរី ត្រឹមត្រូវ តម្លាភាព ពីព្រោះនីតិរដ្ឋពុំអាចឃ្លាតឆ្ងាយពីគោលការណ៍សេរី ត្រឹមត្រូវ តម្លាភាព បានទេ ការបដិសេធបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការថ្លឹងថ្លែងលើសេចក្តីសម្រេចរបស់ គ.ជ.ប និង ការផ្ទៀងផ្ទាត់បាន អនុវត្តទៅតាមមាត្រា២៧ និងមាត្រា៣១ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រយ៉ាងត្រឹមត្រូវបំផុត»

ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើង ទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះ ឆ្នោត ជ្រើស តាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្រោយការសម្រេចនេះ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានពន្យល់បន្ថែមថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនអាចចូលរួមបោះ​ឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ បាននោះទេ៕