(ភ្នំពេញ)៖ បន្ទាប់ពីការប្រកាសអំពាវនាវ ដល់ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស មកទទួលការឧបត្ថម្ភពីមូលនិធិ, នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា បានផ្ដល់អំណោយឧបត្ថម្ភជាថវិកា​ ក្នុងម្នាក់មួយលានរៀល ដល់ជនពិការកំបុតដៃទាំងពីរចំនួន ១៤៩នាក់ ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារ សាន់ & មូន រីវើសាយ ស្ថិតនៅជាប់ស្ពានអាកាសក្បាលថ្នល់។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថា ស្របតាមការអំពាវនាវរបស់មូលនិធិ ឃើញថាពិធីសំណេះសំណាល និងផ្ដល់អំណោយជាថវិកាដល់ជនពិការកំប៉ុតដៃទាំងពីរ នៅទូទាំងប្រទេសលើកទី១២ នៅថ្ងៃនេះ មានការអញ្ជើញចូលរួមពីជនពិការ ១៤៩នាក់ ដោយក្នុងម្នាក់ ទទួលបានថវិកា ចំនួន ១លានរៀល។

អ្នកឧកញ៉ាបន្ដថា «ក្រៅពីផ្ដល់ថវិកាជូនគាត់ម្ដងក្នុងម្នាក់ ១លានរៀល​ មូលនិធិយើងក៏បានជួយជាថវិកាដល់គាត់ សម្រាប់យកទៅសិក្សារៀនសូត្រជំនាញច្បាស់លាស់ណាមួយ ដើម្បីប្រកបរបបចិញ្ចឹមជីវិត លើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់គាត់ ខ្លះទៀតយើងជួយគាត់ឱ្យបានបន្ដការសិក្សាបរិញ្ញាបត្រផងដែរ។ មកដល់ពេលនេះ ជនពិការកំប៉ុតដៃទាំងពីរ មួយចំនួន មានភាពរឹងមាំទាំងស្មារតី និងជីវភាព ឈានទៅឯករាជ្យលើខ្លួនឯងផងដែរ»។

«តែទោះជាយ៉ាង មូលនិធិយើងនៅតែបន្ដ ដើម្បីជួយដល់ពលរដ្ឋងាយរងគ្រោះបំផុតនៅកម្ពុជា។ ជាឆន្ទះរបស់ខ្ញុំ ក្នុងនាមជាពាណិជ្ជករម្នាក់ គឺនៅតែតាំងចិត្ដជួយដល់សង្គម ប្រទេសជាតិ តាមរយៈសកម្មភាពសប្បុរសធម៌នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ»។ នេះតាមការបញ្ជាក់បន្ថែមរបស់អ្នកឧកញ៉ា។

ក្នុងឱកាសសំណេះសំណាលនោះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានថ្លែងលើកទឹកចិត្ដដល់ជនពិការទាំងអស់ថា «កាយសម្បទាយើងត្រូវបានពិការហើយ ដោយមិនមានអ្វីមកជួសជុលបានទេ តែទោះជាយ៉ាងណាក៏ដោយ យើងមិនត្រូវឱ្យទឹកចិត្ដរបស់យើងពិការទៀតនោះទេ ពីព្រោះ កាយសម្បទាជារឿងមួយផ្សេង តែប្រសិនបើយើងពិការចិត្ដថែមទៀតនោះ គឺធ្វើឱ្យយើងបាត់បង់នូវការតស៊ូ ធ្វើអ្វីលែងកើតហើយ។

លើសពីនោះ អ្នកឧកញ៉ាបណ្ឌិត បានធ្វើការបៀបធៀបនៅក្នុងសង្គមជាច្រើន ដើម្បីជាទុនដល់ជនពិការមានទឹកចិត្ដ និងក្ដីសង្ឃឹម ក្នុងការតស៊ូជម្នះឧបសគ្គ ឈានទៅសម្រេចគោលដៅ លើកកម្ពស់ជីវភាពគ្រួសារ ឱ្យមានរឹងមាំ ប្រសើរឡើង។

គួររម្លឹកថា កន្លងមកជ​នពិការកំប៉ុតដៃទាំងពីរ ដែលទទួលបានជួយការផ្គត់ផ្គង់ពីមូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា បានសិក្សារៀនជំនាញកសិកកម្ម ហើយមកប្រកបរបរ ចិញ្ចឹមសត្វ ជ្រូក មាន់ ទា និងពង្រីកមុខរបបមួយចំនួនដែលពួកគាត់មានស្រាប់ ហើយមួយចំនួនទៀត កំពុងបន្ដការសិក្សា។

ឆ្លៀតក្នុងឱកាសសំណេះសំណាលជនពិការនេះហើយ អ្នកឧកញ៉ាបណ្ឌិត ក៏បានប្រារព្ធពិធីចម្រើនព្រះបរិត្ដ ព្រះសង្ឃ ១០៨អង្គ រួមជាមួយជនពិការផងដែរ។ បន្ទាប់មកទៀតនៅក្នុងថ្ងៃតែមួយនេះដែរ តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងភរិយា អ្នកឧកញ៉ា លីហៀក រតនា ក៏បានធ្វើពិធីប្រគល់រថយន្ដសង្គ្រោះបន្ទាន់ ចំនួន១គ្រឿង ទី៥៨ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយផងដែរ៕