(កណ្ដាល)៖ មន្ត្រីជំនាញ​គយ ,ក.ប.ប និងអាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំដុតកម្ទេចចោលសាច់ក្របីបង្កកខូចគុណភាពចំនួន ២៥កេស ស្មើនឹង៥០០គីឡូក្រាម ក្រោយ សាខាគយ និងរដ្ឋាករខេត្តកណ្តាល សហការជាមួយ សាខា ក.ប.ប ខេត្តកណ្តាល ចាប់បានកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣​ និងបានដុតកម្ទេចចោលនៅទីវាលក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាច់ក្របីបង្កកទាំងនេះត្រូវបានឈ្មួញខិលខូចលួចនាំចូលមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសវៀតណាម ហើយបានកម្លាំងសាខាគយនិងរដ្ឋាករខេត្តកណ្តាល ក្រោមការដឹកនាំដោយលោកប្រធានសាខា អន ស៊ីនួន ស្ទាក់ចាប់បង្ក្រាបបានកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចគីឡូម៉ែត្រលេខ៣៩ ផ្លូវជាតិលេខ៨ ក្នុងភូមិសាស្ត្រ ភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

លោក​ អន ស៊ីនួន ប្រធានសាខាគយខេត្តកណ្ដាល បានថ្លែងថា លោកបានស្នើសុំកិច្ចសហការពីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកណ្ដាល (សាខា កបប ខេត្តកណ្តាល) ដើម្បីពិនិត្យគុណភាព សំដៅទប់ស្កាត់ការរីករាលដាលឆ្លងសមាសភាពចង្រៃ និងធានាសុវត្ថិភាពចំណីអាហារដើម្បីការពារនិងលើកកម្ពស់សុខភាពសាធារណៈ ។ លទ្ធផលនៃការពិនិត្យរបស់សាខា ក.ប.ប ខេត្តកណ្តាល បញ្ជាក់ថា សាច់ក្របីបង្កកទាំងនេះខូចគុណភាព ទើបឈានទៅដុតកម្ទេចចោលថ្ងៃនេះ ។

ឆ្លៀតក្នុងឱកាសនេះ លោក អន ស៊ីនួន បានអំពាវនាវដល់អ្នកនាំចូលទាំងអស់ ពិសេសអ្នកនាំចូលសាច់មេត្តានាំចូលដោយគោរពច្បាប់ កុំគេចពន្ធ ព្រោះការនាំចូលសាច់ដោយគេចវេះរបៀបនេះធ្វើឱ្យសាច់ខូចគុណភាព ដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផង និងនាំឱ្យបាត់បង់ចំណូលជាតិផង ។

ជាមួយគ្នានេះដែរ លោក តូច ចៅកុយ ប្រធានសាខា ក ប.ប ខេត្តកណ្ដាល បានស្នើឱ្យឈ្មួញទាំងអស់មេត្តាចេះស្រឡាញ់អាយុជីវិត សុខភាពរបស់ប្រជាពលរដ្ឋខ្មែរ​ កុំចង់បានលុយបែបនេះវាជាអំពេីបាបកម្ម ហើយបាបនេះធ្ងន់ណាស់ កុំដោយសារចង់ចំណេញលុយ យករបស់ខូចគុណភាព មកលក់ឱ្យប្រជាជនពិសាវាគ្រោះថ្នាក់ណាស់ ប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ មានជំងឺហូរហែរព្យាបាលមិនចេះជាឡើយ ព្រោះវាខូចគុណភាព ហើយពោរពេញទៅដោយសារធាតុគីមីថែមទៀត។

លោកក៏បានប្ដេជ្ញាសហការជាមួយក្រុមការងារគយ និងមន្ត្រីមូលដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធបន្តធ្វើសកម្មភាពតាមដាន យកចិត្តទុកដាក់ចំពោះសុខមាលភាពនេះ ជាពិសេសមើលទៅលើគុណភាពទំនិញ ធានាបាននូវគុណភាព សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋទាំងអស់៕