Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបាននាំទៅប្រគល់ជូនពលរដ្ឋក្រីក្រ១០គ្រួសារ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ

25-05-2023 14:55

(ភ្នំពេញ)៖ លោកស្រី អ៊ួង សុផល្លា ភរិយាលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកដែលមានជំងឺ និងមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

អំណោយទាំងអស់នេះជារបស់សម្តេចតេជោ ហ៊ុន សែនតាមរយៈលោក ឃ្លាំង ហួត និងលោកស្រី អ៊ួង សុផល្លា ឧបត្ថម្ភអង្ករចំនួន ១០បាវ ស្មើនឹង ២៥០គីឡូក្រាម, មី ១០កេស, ទឹកត្រី ១០យួរ ,ទឹកស៊ីអ៊ីវ ១០យួរ, ត្រីខ ១០យួរ ​, ក្រមាចំនួន១០, សារុង ចំនួន១០ និងថវិកាសរុបចំនួន៩៩ម៉ឺនរៀល។

អំណោយដែលនាំទៅចែកជូនប្រជាពលរដ្ឋក្រីក្ររួមមាន៖ ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ០១បាវ ស្មើនឹង២៥គីឡូ, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ត្រីខ ១យួរ, ក្រម៉ា ១, សារុង ០១, ប្រេងក្រឡា០១ ប្រេងខ្យល់០១ និងថវិកា ៧០,០០០រៀល។

ក្នុងឱកាសនោះលោកស្រី អ៊ួង សុផល្លា បានឧបត្ថម្ភអាហារពេលព្រឹក ភេសជ្ជៈ ដល់ក្រុមការងារ និងសោហ៊ុយសម្រាប់អ្នកថតរូប ចំណាយថវិកាសរុប ២៩០,០០០រៀល។

លោកស្រី អ៊ួង សុផល្លា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនឱ្យកូនចៅ របស់លោករស់ដោយអត់អាហារ ការថែរក្សាសុខភាព អនាម័យ ៣កុំ និង៣ការពារ ដើម្បីជៀសឱ្យផុតពីជំងឺកូវីដ១៩ និងរួមគ្នាថែរក្សាសន្តិភាពបច្ចុប្បន្នអោយបានគង់វង់ដើម្បីអនាគតកូនចៅ៕