(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ដល់វត្តចាន់បុរីវង្ស ដែលមានសម្ដេចសង្ឈនាយករងទី៣ ព្រះវ័នត ណយ ច្រឹម ព្រមទាំងព្រះសង្ឈ៣វត្តទៀត ក្នុងខណ្ឌព្រែកព្នៅ តាមរយៈលោក ឃួន ស្រេង អភិបាលរងរាជធានី និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ។
ក្នុងឱកាសនោះ លោក ឃួន ស្រេង បានលើកឡើងថា ក្រោមការយកចិតទុកដាក់ និងណែនាំពីសំណាក់លោក ប៉ា សុជាតិវង្ស និងលោកស្រី ក្រុមការងារសាលាខណ្ឌបាននាំយកទៀនព្រះវស្សា ទេយ្យទាន និងថវិកាមួយចំនួន មកប្រគេនដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្ត៤ រួមមាន ទី១-វត្តចាន់បុរីវង្ស ដែលមានសម្តេចសង្ឃនាយករងទី៣ ព្រះវ័នត ណយ ច្រឹក ទី២-វត្តជេតថាឧត្តម ហៅវត្តគ្រួស ទី៣-វត្តសុវណ្ណរាសីរតនារាមហៅ សំរោងកណ្តាល ទី៤-វត្តអង្គសិរីសួស្តី ហៅសម្រោងត្បូង ដែលក្នុងនោះ វត្តនីមួយៗទទួលបានទៀនព្រះវស្សា១គូរ ស្លាដក១កញ្ចប់ ប្រេងម៉ាស៊ូត៣០លីត្រ អង្ករ២បាវ ស្ករស១បាវ ទឹកក្រូច៣កេស ទឹកសុទ្ធ៥កេស មីយើង២កេស និងបច្ច័យ១លាន៣៥ម៉ឺនរៀលផងដែរ។
បន្ថែមពីនេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងក្រុមការងារក៏បាននាំយកបច្ច័យមកប្រគេនផងដែរ ក្នុងនោះមានមានទៀនព្រះវស្សា១គូរ ស្លាដក១កញ្ចប់ ប្រេងម៉ាស៊ូត៣០លីត្រ អង្ករ២បាវ ស្ករស១បាវ ទឹកក្រូច៣កេស ទឹកសុទ្ធ៥កេស មីយើង២កេស និងបច្ច័យ២៥ម៉ឺនរៀល។
លោក ឃួន ស្រេង បានបញ្ជាក់ថា ការនាំយកអំណោយទៅប្រគេនព្រះសង្ឈក្នុងពេលនេះ ដើម្បីជួយដល់ការលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់ ទាំងវិស័យពុទ្ធចក្រ វិស័យអាណាចក្រ ក្រោមការដឹកនាំ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ជាចុងក្រោយ ព្រះចៅអធិការវត្តទាំង៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសាលារាជធានី និងសាលាខណ្ឌ ដែលបាននាំយកទេយ្យវត្ថុជាច្រើន និងបច្ច័យមកប្រគេនដល់វត្ត ដែលមានព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស៕