(តាកែវ)៖ លោក កូយ ចន្ថា អនុប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តតាកែវ បានដឹកនាំមន្រ្តី និងយុវជនបក្សភ្លើងទៀន ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្រោយពេលបានមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ គោលបំណងរក្សាសុខសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីក ចម្រើនទ្វេឡើង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក កូយ ចន្ថា អនុប្រធានគណបក្សភ្លើងទៀន បានគូសបញ្ជាក់ថា «ការសម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺគ្មានការបង្ខិតបង្ខំ ឬគម្រាមកំហែងណាមួយនោះទេ ពោលការចូលរួមនេះ ដោយសារកន្លងមកយើងបានតាមដាន និងសង្កេតឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្រួមបង្រួមជាតិ ផ្សះផ្សាជាតិនាំមកនូវស្ថិរភាពនយោបាយ​ ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ»

លោក កូច ចន្ថា បានថ្លែងបន្ថែមថា អ្វីដែលធ្វើឲ្យលោកមើលឃើញកាលពីពេលថ្មីកន្លងទៅនេះ ដោយសារប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនកម្មករ កម្មាការរិនីជាស្រ្តីមានផ្ទៃពោះ ជាពិសេសបានរៀបចំព្រិត្តិការកីឡាស៊ីហ្គេមថ្មីៗទៅកន្លងទៅនេះ ទទួលបានជោគជ័យ ដែលនាំឲ្យប្រទេសកម្ពុជា មានកិត្តិសព្វល្បីល្បាញនៅលើឆាកអន្តរជាតិថែមទៀតផង។

លោក កូយ ចន្ថា ក៏បានអំពាវនាវដល់សមាជិកគណបក្សភ្លើងទៀន និងបងប្អូនប្រជាពលរដ្ឋដែលមាននិន្នាការគាំទ្រគណបក្សភ្លើងទៀន ឲ្យងាកក្រោយដោយនាំគ្នាមកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមថែរក្សានូវស្ថរភាណនយោបាយ ការពារសុខសន្តិភាព និងចូលរួមអភិវឌ្ឃន៍ប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត៕