(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានធ្វើបទបង្ហាញពីបញ្ហាគ្រឿងញៀនដល់និស្សិតថ្នាក់មូលដ្ឋាននៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទចំនួន៣៥០នាក់ ទទួលបានចំណេះដឹងបន្ថែមពីបញ្ហាគ្រឿងញៀន នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ ចោមចៅ។

ក្នុងនាមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទដែលបានរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ ព្រោះថាការយល់ដឹងច្បាស់ពីគ្រឿងញៀនធ្វើឱ្យនិស្សិតមិនងាយធ្លាក់ទៅតាមការអូសទាញរបស់អ្នកទុច្ចរិតឱ្យប្រើប្រាស់គ្រឿងញៀនឡើយ «ការប្រើបំពានគ្រឿងញៀន គឺការប្រើបំពានវេជ្ជបញ្ជា និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គឺការប្រើគ្រឿងញៀនដែលច្បាប់ហាមឃាត់»

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហាញពីសារធាតុញៀនមួយចំនួនដែលត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមក្នុងការផលិតឱសថព្យាបាលជំងឺ និងសារធាតុគីមីផ្សំ សារធាតុមួយចំនួនដែលអាចយកទៅផលិតជាគ្រឿងញៀនហើយមានចែងក្នុងតារាងឧបសម្ព័ន្ធទាំង៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕