(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសរួមគ្នាមួយ ស្តីពីការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។

តាមរយៈប្រកាសថ្មីនេះបញ្ជាក់ថា ត្រូវបានលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដូចខាងក្រោម៖

១៖ ការផ្តល់គោលការណ៍សាងសង់ និងគោលការណ៍អភិវឌ្ឍន៍ថ្មី ការផ្តល់លិខិតអនុញ្ញាតសាងសង់ និងការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ ប្រើប្រាស់ដីអតិបរមាផ្លូវការ ចំពោះសំណើសុំសាងសង់អគារមន្ទីរពេទ្យឯកជន សាងសង់អគារសាលារៀនឯកជន និងសាងសង់លំនៅឋានតម្លៃសមរម្យ។

២៖ ការចុះបញ្ជីដំបូងលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។

៣៖ ការផ្តល់វិញ្ញាបនបត្រវាស់វែងលើកដំបូង សម្រាប់អ្នកវាស់វែងដែលជាមន្ត្រីរាជការ។

ការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដីនេះ ត្រូវបានគេមើលឃើញថា ដើម្បីជំរុញដល់ការងើបឡើងវិញ នៃវិស័យចលនទ្រព្យកម្ពុជា ដែលកំពុងរងរបួសដោយសារវិបត្តិសេដ្ឋកិច្ច៕