(ពោធិ៍សាត់)៖ ស្ត្រីម្នាក់បានសម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួនជាប់នឹងផ្លានផ្ទះបាយ ស្លាប់ចោលប្ដី និងកូន៣នាក់ក្នុងបន្ទុក ដោយសារតែប្រើប្តីឲ្យទៅលើកភ្លឺស្រែមិនបាន។ហេតុការណ៍នេះ កើតឡើងនាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បើតាមលោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ស្ត្រីវ័យក្មេងដែលបានគិតខ្លី ចងកសម្លាប់ខ្លួននោះ មានឈ្មោះ ង៉ែត ដា អាយុ ២២ឆ្នាំ បានយកក្រមាពណ៌ខៀវ ចងកសម្លាប់ខ្លួន ភ្ជាប់ជាមួយនឹងផ្លានផ្ទះបាយ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។
ចំណែកប្តីឈ្មោះ មាន ទិត្យ អាយុ២២ឆ្នាំដូចគ្នា មានកូនស្រី៣នាក់ក្នុងបន្ទុក ក្នុងនោះមាន២នាក់ជាកូនភ្លោះ។
លោកអធិការរងបានបន្តថា ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យសាកសព ឃើញថា ស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួន ឯងប្រាកដមែន ដោយសារតែតូចចិត្ត ប្រើប្តីឲ្យទៅលើកភ្លឺស្រែ ប្តីមិនទៅ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ កំពុងធ្វើបុណ្យតាមប្រពៃណី៕