(ភ្នំពេញ)៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិករបស់ខ្លួន ចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាចំនួន ១,៣៤៣,០០០ដុល្លារ (មួយលានបីសែនបួនម៉ឺនបីពាន់ដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ។

ពិធីនេះបានប្រព្រឹត្តទៅនៅសា្នក់ការកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ស្ថិតក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមឧកញ៉ាកម្ពុជា ដែលមាន អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន បានធ្វើឱ្យសមាគមមានការរីកចម្រើន និងរួមចំណែកក្នុងការចូលរួមអភិវឌ្ឍវិស័យធុរកិច្ចនៅកម្ពុជា ជាពិសេសបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកស្រីកិត្តិបណ្ឌិត ក៏បានជូនពរដល់ អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ទើបបានផ្តល់ឱកាសឱ្យសមាគមឧកញ៉ាកម្ពុជា មានការរីកចម្រើន ហើយយើងគ្រប់គ្នាមានឱកាសក្នុងការចូលរួមនៅក្នុងសង្គមជាតិប្រកបដោយបរិយាបន្ន៕