(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានរៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់កម្រិតអន្តរក្រសួងលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥» ក្រោមអធិបតីភាពលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការណ៍ក្រសួងទេសចរណ៍ ជាមួយអ្នកចូលរួមមកពីតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី/ខេត្ត និងវិស័យឯកជនជាច្រើនរូប។

លោក ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ មានចក្ខុវិស័យច្បាស់លាស់ គឺនៅឆ្នាំ២០៣៥ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាពកម្រិតអន្តរជាតិ និងទាក់ទាញខ្ពស់ ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប ដោយឈរលើគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី មានឧត្ដមភាពប្រកួងប្រជែងខ្ពស់ជាងមុន និងមានភ្ញៀវទេសចរមកកម្សាន្តម្ដងហើយម្ដងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងប្រែក្លាយការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាក្បាលម៉ាស៊ីនរុញដោលកំណើននៃវិស័យសេដ្ឋកិច្ច-សង្គមដទៃ។

លោក ណេប សាមុត បានបន្តថា ផែនការយុទ្ធសាស្រ្តជាតិនេះដែរក៏បានដាក់ចេញដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន៣ រួមមាន៖

* គោលដៅយុទ្ធសាស្រ្តទី១ ផ្ដោតលើការលើកកម្ពស់ភាពប្រកួតប្រជែងទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន៥ រួមមាន៖ ១-ការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ, ២-ការសិក្សាទីផ្សារ ផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍, ៣-ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យទេសចរណ៍, ៤-ការកសាងហេដ្ឋារចនាសម្ពន្ធគាំទ្រការតភ្ជាប់ និងការសម្រួលការធ្វើដំណើរទេសចរណ៍, ៥-ការលើកកម្ពស់ភាពជាខ្មែរក្នុងវិស័យទេសចរណ៍។

* គោលដៅយុទ្ធសាស្រ្តទី២ ផ្ដោតលើការលើកកម្ពស់និរន្តរភាពទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ រួមមាន៖ ១-ការពង្រឹងមូលធនមនុស្សក្នុងវិស័យទេសចរណ៍, ២-ការលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទេសចរណ៍, ៣-ការលើកកម្ពស់ចីរភាពបរិស្ថាន និងធនធានធម្មជាតិ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

* គោលដៅយុទ្ធសាស្រ្តទី៣ ផ្ដោតលើការលើកកម្ពស់បរិយាបន្នទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន២ រួមមាន៖ ១-ការពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីទាំងអស់គ្នា ២-ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ។

អង្គសិក្ខាសាលាក៏ទទួលបានធាតុចូលជាច្រើនទៀតពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីរួមចំណែកបំពេញបន្ថែមក្នុងការរៀបចំផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ មានភាពសម្បូរបែប និងធានាបាននូវចីរភាព។

នាឱកាសនោះដែរ លោករដ្ឋលេខាធិការ ហោ សារុន បានដាក់ចេញនូវអនុសាសន៍ និងស្នើឱ្យក្រុមការងារត្រូវធ្វើបច្ចុប្បន្នភាពលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិនេះតាមខ្លឹមសារ និងធាតុចូលរបស់អង្គសិក្ខាសាលា។

លោករដ្ឋលេខាធិការបានបន្តថា ជានីតិវិធី បន្ទាប់ពីកែសម្រួលតាមស្មារតីនៃអង្គសិក្ខាសាលានេះរួច ក្រុមការងារត្រូវរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិនេះ គោរពស្នើសុំលោករដ្ឋមន្រ្តី ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

គួរជម្រាបថា សេចក្តីព្រាងនេះនឹងដាក់ឆ្លងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩ និងគ្រោងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យមុនដាក់ឆ្លងរាជរដ្ឋាភិបាល៕