(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ កំពុងស្វែងរកឱកាសពង្រីកទីផ្សារ និងជុំនួយអភិវឌ្ឍន៍ ពាណិជ្ជកម្របស់កម្ពុជា ពីបណ្តាប្រទេសនានា តាមរយៈកិច្ចប្រជុំជាច្រើន នៅទីក្រុងណៃរូប៊ី ប្រទេសកេនយ៉ា។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បាននិងកំពុងចូលរួមកិច្ចប្រជុំ ជាច្រើននៅទីក្រុងណៃរូប៊ី ប្រទេសកេនយ៉ា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលមានប្រទេសចូលរួមជិត ២០០ប្រទេស។ កិច្ចប្រជុំ ដែលលោករដ្ឋមន្រ្តីចូលរួមនោះរួមមាន៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃប្រទេសអភិវឌ្ឍន៍តិចតួច, កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៤ នៃក្រុមប្រទេស៧៧ (G77) និង ចិន និង កិច្ចប្រជុំជាន់ខ្ពស់ស្តីពីការអនុវត្តន៍គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

យោងតាមការចេញផ្សាយ របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តាមរយៈកិច្ចប្រជុំ ដែលធ្វើឡើងក្នុងប្រទេសកេនយ៉ា បានផ្តល់ឱកាសច្រើនសម្រាប់កម្ពុជា ក្នុងការស្វែងរកទីផ្សារ បន្ថែមសម្រាប់ផលិតផល និងកសិផលរបស់កម្ពុជា។ ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម ក៏បានឡើងធ្វើបទបង្ហាញជាច្រើនផងដែរ ពាក់ព័ន្ធនិងសក្តានុពល វិនិយោគនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ នៅប្រទេសកេនយ៉ានេះ លោក ប៉ាន សូរស័ក្តិ ក៏បានជួបសំណេះសំណាលទ្វេភាគី ជាមួយលោកRatanaka Adhikari នាយកប្រតិបត្តិ EIF ហើយភាគី EIF បានសំណូមពរកម្ពុជា ឲ្យធ្វើបទបង្ហាញគំរូពី ភាពជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តគម្រោង EIF ទៅប្រទេសដទៃ។ លោក Ratanaka Adhikari ក៏សុំយកគម្រោងសូត្រកម្ពុជា បង្ហាញក្នុងវេទិការបស់​ អង្គការពាណិជ្ជកម្មពិភពលោក។

លោករដ្ឋមន្រ្តី ក៏បានជួបជាមួយលោក Roberto Azevedo អគ្គនាយក នៃអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងណៃរូប៊ី ប្រទេសកេនយ៉ា ដើម្បីពិភាក្សាដល់ការគាំទ្រ ផ្តល់ប្រឹក្សាផ្នែកបច្ចេកទេស សម្រាប់ការត្រួតពិនិត្យឡើងវិញ គោលនយោបាយពាណិជ្ជកម្មកម្ពុជា ក៏ដូចជាឧបត្ថម្ភសម្រាប់ ការបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសក្នុងការត្រួតពិនិត្យឡើងវិញ គោលនយោបាយពាណិជ្ជកម្មកម្ពុជា និង ពិភាក្សាលើការព្រួយបារម្ភ ពីការបង្កើតតំបន់ពាណិជ្ជកម្ម សិរីទ្វេភាគី ដែលជះឥទ្ធិពលអវិជ្ជមាន ដល់កម្ពុជាផងដែរ៕