(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះថា ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ កំពុងសិក្សាជាមួយអគ្គលេខាធិការ នៃគណៈកម្មការកីឡាស៊ីហ្គេម CAMSOC ដើម្បីជ្រើសរើសការកំណត់ការរៀបចំលក្ខណៈវិនិច្ឆ័យ វាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់សង់រូបសំណាកចម្លាក់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអត្តពលិកឆ្នើមៗ ដែលនាំមកចម្លាក់នៅវិមានឈ្នះឈ្នះ។

យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់ផងដែរថា ចំពោះករណីសង់រូបសំណាកនៅវិមានឈ្នះឈ្នះ ស្តីអំពីព្រឹតិ្តការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអត្តពលិកឆ្នើមៗ រួមទាំងប្រវត្តិកាល នៃដំណើរការប្រព្រឹត្តទៅ នៃកីឡាស៉ីហ្គេម ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ នៅពុំទាន់បានកំណត់ និងរៀបចំចប់សព្វគ្រប់ គម្រោងការរៀបចំចម្លាក់នៅឡើយទេ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឱ្យដឹងថា៖ «ចំពោះករណីសង់រូបសំណាកចម្លាក់នៅវិមានឈ្នះឈ្នះ ស្តីអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអត្តពលិកឆ្នើមៗ ព្រមទាំងប្រវត្តិកាលនៃដំណើរការទូទៅនៃកីឡាស៊ីហ្គេម ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ កំពុងដំណើរការយ៉ាងសកម្ម តែពុំទាន់បានកំណត់រៀបចំចប់សព្វគ្រប់នៅឡើយទេ ហើយកំពុងធ្វើកិច្ចការនេះជាមួយអគ្គលេខាធិការនៃគណៈកម្មការកីឡាស៊ីហ្គេម CAMSOC ដែលនឹងត្រូវមានការជ្រើសរើសការកំណត់ការរៀបចំលក្ខណៈវិនិច្ឆ័យ វាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ការរៀបចំជាចម្លាក់នៅវិមានឈ្នះឈ្នះជាប្រវត្តិសាស្រ្តនេះ»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចឆ្លាក់ព្រឹតិ្តការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ទុកជាតឹកតាងប្រវត្តិសាស្រ្តជូនក្មេងជំនាន់ក្រោយ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ដើម្បីអបអរសាទរ គុណតម្លៃ និងជោគជ័យដ៏អស្ចារ្យព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ ដោយទទួលបានអនុសាសន៍ និងការចង្អុលណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានធ្វើការសិក្សារៀបចំគម្រោងដើម្បីឆ្លាក់ព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២នេះ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង អំណះអំណាង ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ រុងរឿងល្បីល្បាយរបស់កម្ពុជា តកូន តចៅ គ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសលើឆាកអន្តរជាតិទៀតផង ក្រោមសម័យកាលដឹកនាំរបស់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថា សម្រាប់គម្រោង នៃការគិតពិចារណាសម្រាប់ការរៀបចំនេះ យើងមានចម្លាក់ស្តីពី អត្ថន័យ និងអត្តសញ្ញាណនៃកីឡាស៉ីហ្គេម រូបភាព និងខ្លឹមសារ ពាក្យស្លោកសំខាន់ៗ ដែលមានការឯកភាពពីគណៈកម្មាធិការ CAMSOC-CAMAPGOC នឹងយកពិចារណា ដើម្បីច្នៃឱ្យទៅជាចម្លាក់លើផ្ទាំងសិលា ដោយរំលេចនូវពាក្យស្លោកដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចជាពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» «សន្តិភាព ដើម្បីយើងទាំងអស់គ្នា» «ទាំងអស់គ្នា ដើម្បីសន្តិភាព»

បន្ថែមពីនេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា ក្រុមការងារនឹងពិនិត្យរៀបចំនូវចម្លាក់អត្តសញ្ញាណអត្តពលិកនានាដែលឆ្នើម ហើយមានស្នាដៃ ទទួលបាននូវការវាយតម្លៃខ្ពស់របស់គណៈកម្មការកីឡាទាំងបុរស និងនារី លើវិស័យនានា ដោយរៀបចំឱ្យទៅជាតឹងតាងនៅលើផ្ទាំងសិលាផងដែរ៕