(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានរៀបចំប្រគល់វិញ្ញាបនបត្រ «អ្នកវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅ ទេសចរណ៍» ជូនដល់អ្នកវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ឆ្នើមៗមួយចំនួន នៅក្នុងប្រទេសកម្ពុជា នៅក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំ ឆមាសទី១ នាថ្មីៗនេះ ។
ការប្រគល់វិញ្ញាណបនបត្រនាពេលនេះ គឺដើម្បីទទួលស្គាល់អំពីស្នាដៃ និងស្តង់ដែរសម្រាប់អ្នកវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងនោះ ប្រយោជន៍ចូលរួមពង្រីកភាពទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេស។
នៅក្នុងឱកាសបិទសន្និបាតនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់កិត្តិយសចែកវិញ្ញាបនបត្រជាអ្នកវាយតម្លៃ ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់ នៅទេសចរណ៍ ជូនអ្នកវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ជំនាន់ទី១ និងបានប្រឡងជាប់ដោយជោគជ័យចំនួន៨១រូប។ សម្មិទ្ធផលថ្មីនេះ បានចូលរួមបន្ថែមមួយកម្រិតទៀត ទៅក្នុងយុទ្ធសាស្រ្តរបស់ ក្រសួងទេសចរណ៍ គឺយុទ្ធនាការ «សេវាមួយ ស្តង់ដារមួយ» ដើម្បីពង្រឹងគុណភាព សេវាកម្មទេសចរណ៍។
សូមជំរាបថា ក្រសួងទេសចរណ៍ ក៏បានប្រកាសឱ្យប្រើប្រាស់ ប្រព័ន្ធផ្ដល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ តាមអនឡាញតាមរយៈគេហទំព័រ www.cambodiatourismrating.org និងបានរៀបចំឱ្យមានឯកសណ្ឋានគំរូថ្មី ដល់អ្នកវាយតម្លៃ ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដោយភ្ជាប់ បណ្ណសម្គាល់ខ្លួនដោយមាន «QR Code» ក្នុងន័យបង្កើននូវតម្លាភាព និងបង្កើនទំនុកចិត្តពីប្រតិបត្តិករ ក្នុងពេលចុះបេសកកម្មតាមមូលដ្ឋានដោយផ្ទាល់ផងដែរ៕