(ភ្នំពេញ)៖ ដើម្បីដោះស្រាយនូវបញ្ហាការបំពុលបរិស្ថាន ក៏ដូចជាការកាត់បន្ថយសំរាម ក្នុងរាជធានីភ្នំពេញ និងទីលានចាក់សំរាមបច្ចុប្បន្ន សាលារាជធានីភ្នំពេញ បានសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ប្រកាសដាក់ឲ្យដំណើរការ នៅម៉ាស៊ីនកែច្នៃសំរាមទៅជាជីសរីរាង្គ នៅក្នុងខែសីហា ខាងមុខនេះ។
លោក កែវ ចាន់ណារិទ្ធ ប្រធានគណៈគ្រប់គ្រងទីលានចាក់សំរាមដង្កោ បានថ្លែងប្រាប់អ្នកសារព័ត៌មាន Fresh News តាមទូរស័ព្ទនៅថ្ងៃទី១៩ ខែកក្កដានេះថា ម៉ាស៊ីនកែច្នៃនេះនាំចូល ពីប្រទេសថៃ ដែលមានតម្លៃប្រហែល៥០ម៉ឺនដុល្លារអាមេរិក និងអាចកែច្នៃសំរាមបាន១០០ទៅ១៥០តោនក្នុង១ថ្ងៃ ហើយបច្ចុប្បន្ន អ្នកជំនាញកំពុងតែដំឡើងម៉ាស៊ីន ដើម្បីដំណើរការ នៅខែសីហាខាងមុខនេះ។
លោកបានបន្ដទៀតថា សំរាមដែលត្រូវយកទៅកែច្នៃជាជីសរីរាង្គនោះ ជាប្រភេទសំរាមទីក្រុង ឬហៅថាម្យ៉ាងទៀតថា សំរាមដែលសល់ពីប្រជាពលរដ្ឋ ដែលមានដូចជា សំណល់ក្នុងផ្ទះបាយជាដើម ដោយក្នុងមួយថ្ងៃៗ យើងដឹងជញ្ជូនសំរាមប្រហែល២០០០តោនពីទីក្រុង ទៅទីលានចាក់សំរាម ខណ្ឌដង្កោ។
លោកក៏បានបញ្ជាក់ទៀតថា «ជីសរីរាង្គដែលយើងទទួលបានពីការកែច្នៃនេះ យើងនឹងរកទីផ្សារមួយ ដើម្បីលក់បន្ដទៅឲ្យប្រជាពរដ្ឋនៅតាមបណ្ដាលខេត្ត ដោយនឹងយើងពន្យល់ ណែនាំប្រជាពរដ្ឋទាំងអស់ ឲ្យងាកមកប្រើប្រាស់ជីធម្មជាតិ ដែលមិនមានជាតិគីមី មិនប៉ះពាល់ដល់សុខភាព ហើយនឹងមានតម្លៃសមរម្យ សម្រាប់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ និងលក់បន្ត»។
លោកបន្ថមទៀតថា សម្រាប់ម៉ាស៊ីនកែច្នៃលើកដំបូងនេះ គឺជាការសាកល្បងដើម្បីកាត់បន្ថយសំរាម ក៏ដូចជាផលិតជីសរីរាង្គ ហើយប្រសិនបើការសាកល្បងនេះ ទទួលបានជោគជ័យ សាលារាជធានីភ្នំពេញគ្រោងនឹងទិញ នូវម៉ាស៊ីនកែច្នៃនេះ ចំនួន២ទៅ៣គ្រឿងបន្ថែមទៀត។
សាលារាជធានីភ្នំពេញបានឱ្យដឹងថា បច្ចុប្បន្ននេះទីលានចាក់សំរាមដង្កោ បានផ្ទុកសំរាមលើសពីជាង៤លានតោន ស្របពេលដែលក្នុងមួយថ្ងៃៗសំរាមចេញពីរាជ ធានីភ្នំពេញ ដឹកទៅកាន់ទីលានចន្លោះពី១៨០០តោន ទៅជាង២០០០តោន៕