(ភ្នំពេញ)៖ សិស្ស-និស្សិតប៊ែលធី ចំនួន ១០៥នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីបានចំណាយពេល១៨ថ្ងៃ ក្នុងការចូលរួមកម្មវិធីបោះជំរំុំជាអន្តរជាតិ (World Camp 2016) នៅប្រទេសកូរ៉េ ប្រកបដោយជោគជ័យ ។
ការបោះជំរុំជាអន្តរជាតិនេះ មានយុវជនជាង៤.០០០នាក់ មកពីជាង៨០ប្រទេសនៅលើពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំ មកពីបណ្តាប្រទេសនានា ចំនួន២២ចូលរួមផងដែរ។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប ទទួលបន្ទុកសាលាប៊ែលធីអន្តរជាតិ បានឲ្យដឹងថា ប៊ែលធីគ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងឆ្នាំ២០១៦នេះ ប៊ែលធីបានបញ្ជូនសិស្ស-និស្សិតចំនួន ១០៥នាក់ ដើម្បីចូលរួមកម្មវិធី បោះជំរុំ អន្តរជាតិ ដែលមានរយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ទី ១៨ ខែកក្កដាហើយបានទៅទស្សនា និងសិក្សាតាមតំបន់សំខាន់ៗ ជាច្រើនដូចជា ទីក្រុងប៊ូសាន សេអ៊ូល សាកលវិទ្យាល័យពូយ៉ុង និងតំបន់ប្រវិត្ត សាស្រ្តផ្សេងៗ ទៀតផងដែរ។
លោកក៏បានបន្តទៀតថា គោលបំណងនិងអត្ថប្រយោជន៍ នៃការចូលរួមការបោះជំរុំនេះ គឺសាលាចង់ឲ្យសិស្ស-និស្សិតរបស់យើងមានភាពក្លាហាន ចេះសម្របខ្លួនក្នុងការរស់នៅ និងធ្វើការជាក្រុមជាមួយជាតិសាសន៍ផ្សេងៗ គ្នា ដើម្បីដកស្រង់នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀតដែលប្អូនៗពុំធ្លាប់បានជួប ។ ហើយការចូលរួមបោះជំរុំនេះ ក៏បានបង្ហាញពី សមត្ថ ភាពសិស្ស-និស្សិតកម្ពុជា នៅលើឆាកអន្តរជាតិមានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធី ជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់នូវទំនៀមទម្លាប់ប្រពៃណី អរិយធម៌ និងការរីកចម្រើន របស់ប្រទេសកម្ពុជា ផងដែរ។
យុវសិស្សឈ្មោះ វិសេត សេដ្ឋា រៀននៅថ្នាក់ទី១១ក២ សាលាប៊ែលធី សាខាទី៩ បាននិយាយឲ្យដឹងថា ក្នុងឱកាសចូលរួមបោះជំរុំជាអន្តរជាតិនៅប្រទេសកូរ៉េ នោះ ប្អូនមានអារម្មណ៍ សប្បាយរីករាយណាស់ ដែលបានទៅចូលរួមបោះជំរុំជាអន្តរជាតិ ដែលមាន ប្រទេសចំនួនជាង៨០ប្រទេស ។
យុវសិស្សរូបនេះបានបន្តទៀតថា «ក្នុងពេលបោះជំរុំជាអន្តរជាតិខ្ញុំទទួលបាននូវបទពិសោធន៍ល្អៗ ជាច្រើនដូចជា ការផ្លាស់ប្តូរចំណេះដឹង វប្បធម៌ ការរស់នៅជាមួយមិត្តភក្តិ ដែលមកពីប្រទេសផ្សេងគ្នា ជាពិសេសក៏បានបង្ហាញពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ទៅកាន់ប្រទេសដែលបានចូលរួមបោះជំរុំ» ។
យុវសិស្សរូបនេះ បានបន្តថា នៅក្នុងពេលបោះជំរុំនេះ ប្អូនបានទៅទស្សនកិច្ចតាមតំបន់ជាច្រើនដែលមានភាព ទំនើបៗ ដូចជា ទន្លេហាន ទន្លេធំជាងគេ ហើយមានប្រវែងវែង ដែលពួកយើង បានជិះទូកកំសាន្ត ប្រណាំងទូក អុំជាមួយមិត្ត ភក្តិ ជាសិស្ស បរទេស តំបន់អេវឡេន ជាសួនកំសាន្ត ដ៏ល្បីជាងគេ នៅតំបន់សេអ៊ូល ប្រទេសកូរ៉េ និងតំបន់ ជា ច្រើនទៀត សុទ្ធតែជាតំបន់ល្បីៗនិងស្នាក់នៅខុនដូទំនើបៗ ។
ជាមួយគ្នានោះ យុវជនសិស្សរូបនេះ ក៏បានថ្លែងអំណរគុណដល់សាលា ប៊ែលធី អន្តរជាតិ ជាពិសេស លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប ដែលបានរៀបចំ និងផ្តល់ឱកាស ឲ្យពួកគាត់បានចូលរួមបោះជំរុំជាអន្តរជាតិ នៅប្រទេសកូរ៉េក្នុងឆ្នាំ២០១៦នេះ៕