(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់៨៩ ឈានចូល៩០ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់យ៉ាងដូច្នេះថា៖

«នៅក្នុងឱកាសដ៍នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់សម្ដេចអគ្គមហាពញាចក្រី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំបាទតាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង មានសេចក្តីរីករាយ សូមលំឱនកាយគោរពជូនពរ ដោយស្មារតីដឹងគុណជានិច្ច។

ខ្ញុំបាទសូមគោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី សូមបានប្រកបនូវសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ប្រការ ឈ្នះអស់មារសត្រូវទាំងឡាយគ្រប់ទិសទី និងសម្រេចបាននូវជោគជ័យថ្មីៗទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើនរុងរឿងរបស់ប្រជាជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនេះដែរ ខ្ញុំបាទសូមអនុញ្ញាតគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូនសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី សូមបានប្រកបតនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕