(ភ្នំពេញ)៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំ (U-16) កម្ពុជា នឹងប្រកួតកាត់សេចក្ដីចុងក្រោយ ជាមួយក្រុមយុវជនទីម័រខាងកើត លើទីលានពហុកីឡដ្ឋានជាតិនាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ដើម្បីរកក្រុមឡើងវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U-16 Championship 2016 ជាមួយនឹងក្រុមការពារតំណែងជើងឯកថៃ ដែលកំពុងឈរ កំពូលតារាងនៃពូល B។
មុននឹងការប្រកួតចាប់ផ្ដើមមានគ្រូបង្វឹក ៣នាក់បានបញ្ចេញទស្សនៈជុំវិញជំនួបរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមយុវជន ទីម័រខាងកើតនេះ។ លោក Andi Susanto គ្រូបង្វឹកក្រុមទីម័រ បានលើកឡើងថា ឆ្លងកាត់ប៉ុន្មានប្រកួតកន្លងទៅ លោក សង្កេតឃើញកម្ពុជាធ្វើបានល្អច្រើន ពិសេសគឺតំបន់ប្រយុទ្ធ ប៉ុន្ដែលោកនឹងជំរុញកូនឲ្យក្រុមធ្វើឲ្យបានល្អ ដើម្បីការពារ និងស្វែងរកគ្រាប់បាល់ជ័យជម្នះលើកម្ពុជា។
ដោយឡែកគ្រូបង្វឹកក្រុមម្ចាស់ផ្ទះកម្ពុជាលោក Inoue Kazunori បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយប្រកួតចាញ់ថៃ ៦-០ កាលពីថ្ងៃមុនថា លោកមានជំនឿចិត្តថា ក្រុមលោកនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) ហើយអាចជួបថៃ ម្ដងទៀត។ ប៉ុន្ដែលោកក៏នឹងកែតម្រូវចំណុចខ្វះខាត ដើម្បីយកឈ្នះក្រុមយុវជនទីម័រខាងកើត និងបង្កើតប្រវត្តិសាស្ដ្រថ្មី មួយជូនកម្ពុជាផងដែរ។
អ្វីដែលពិសេសជុំវិញការប្រកួតនេះលោក Chaiyong Khumpiam គ្រូបង្វឹក U-16 ថៃ ដែលធ្លាប់ដឹកនាំកូនក្រុមយក ឈ្នះក្រុមទាំងពីរខាងលើបាននិយាយថា «កម្ពុជាមានអាទិភាពខ្ពស់ នៅក្នុងការយកឈ្នះក្រុមទីម័រខាងកើត។ ក្រុមខ្ញុំមានគុណភាព អាចបិទកលល្បិចដ៏ខ្លាំងមួយរបស់កម្ពុជា និងបិទកីឡាករលេខ៩ (សៀង ចន្ថា) ដែលជាកីឡាករឆ្នើមរបស់កម្ពុជា ប៉ុន្ដែខ្ញុំគិតថា ទីម័រគ្មានគុណភាព ដល់កម្រិតដែលអាចទប់ជាមួយតាក់ទិច លេងរបស់កម្ពុជាបានទេ»។
គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ៣ប្រកួតកន្លងមក គឺកម្ពុជាឈ្នះ២ និងចាញ់១ ឈរលេខ២ ក្នុងពូល B បណ្តោះអាសន្ន ខណៈក្រុមយុវជនទីម័រខាងកើត ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុឈរនៅលេខ៤ ដូច្នេះកម្ពុជា គឺត្រូវការឈ្នះទីម័រខាងកើត ដើម្បីបន្ដដំណើរទៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនាល្ងាចនេះ៕