(កំពង់ចាម)៖ ក្រុមការងារលោក ហ៊ុន ម៉ាណែត ដឹកនាំដោយឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានចូលរួមក្នុងពិធីសម្ពោធឆ្លងព្រះចេតិយ៍ កាន់អង្គនិងសមិទ្ធិផលនានា នៅក្នុងវត្តសុគន្ធារាម ហៅវត្តទូរ៉ី ស្ថិតក្នុងឃុំ ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងពិធីនេះដែរ ក៏មានវត្តមាន ឧកញ៉ា ហ៊ួត ចាន់ថូ ទីប្រឹក្សាលោក ងួន ញិល អនុប្រធានទី២នៃរដ្ឋសភា និងឧកញ៉ា ជា លាងហុង ព្រមទាំងព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនកុះករផងដែរ។
ក្នុងនោះដែរ លោកតាអាចារ្យ ចាន់ សារ៉េត ប្រធានគណៈកម្មការសាងសង់វត្តសុគន្ធារាម បានបញ្ជាក់ឲ្យដឹងថា សមិទ្ធិផលទី១-ព្រះចេតិយ៍ធំមួយដែលទំហំ ៥ម៉ែត្រកន្លះបួនជ្រុង មានកម្ពស់១៩ម៉ែត្រ សម្រាប់តម្កល់អដ្ឋិធាតុ ព្រះគ្រូចៅអធិការវត្តគ្រប់ជំនាន់ បានចាប់ផ្តើមកសាង តាំងពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានរួចរាល់ហើយជាស្ថាពរដែលត្រូវ ចំណាយថវិកាសាងសង់ ៣២១៦០ដុល្លារ ទី២-ជួសជុល លាបថ្នាំថ្មី ព្រះចេតីយ៍ ស្តេចកន ក្រាលបេតុង មុខព្រះចេតីយ៍ និងមុខព្រះវិហារ ប្រវែង១៦៧០ម៉ែត្រ ព្រមទាំងបានកសាងរបង សាលាបឋមសិក្សាផ្នែកខាងក្រោយប្រវែង១៦១ម៉ែត្រ។
បន្ថែមពីនេះ លោកឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងអំពីប្រវត្តិវិស័យព្រះពុទ្ធសាសនា នៅក្នុងសង្គមជាតិខ្មែរថា ជានិច្ចជាកាលបាន តម្រែតម្រង់ផ្លូវពុទ្ធសានិកជន មនុស្សទូទៅឲ្យប្រកាន់ខ្ជាប់តែអំពើស្មោះត្រង់ ទៅតាមពុទ្ធឱវាទដែលជាព្រះបរមគ្រូនៃយើងដោយឡែក វិស័យព្រះពុទ្ធសាសនា ត្រូវបានរលាយសាបសូន្យនៅក្នុង របបប្រល័យពូជសាសន៍ ប៉ុល ពត ស្ទើដល់ឬសគល់ ប៉ុន្តែត្រូវបាន រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានពង្រឹងសាមគ្គីគ្នា លើមាគ៌ា នៃការអភិវឌ្ឍន៍ ដើម្បីឈានទៅសម្រេច បាននូវសមិទ្ធិផលជាច្រើនទៀត ដូចជាមណ្ឌលសុខភាព ធារាសាស្រ្ត ទំនប់ទឹក ប្រឡាយទឹក អគ្គិសនី ទឹកស្អាត ប្រព័ន្ធគមនាគមន៍ ផ្លូវកៅស៊ូ ផ្លូវលំនៅ តាមជនបទ ស្ពាន សាលារៀន ព្រះវិហារ ឧបដ្ឋានសាលា កុដិ របង ក្លោងទ្វារ ដែលជាការបង្កើតបាននូវ សន្ទុះរីកចម្រើន ដែលធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រ របស់ប្រជាជនដើម្បីការស្តារ និងស្ថាបនាប្រទេស ប្រកបដោយវឌ្ឍនភាព។
ក្រៅពីនេះ លោកឧកញ៉ា ហ៊ួត ចាន់ថូ ក៏បានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ ដល់កិច្ចសហការរវាងព្រះគ្រូចៅអធិការវត្ត សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានចំណាយធនធាន កម្លាំងចិត្ត រួមចំណែក កសាងបានសម្រេចនូវសមិទ្ធិផល ជាច្រើនក្នុងទីអារាមនេះ ក្នុងន័យធ្វើឲ្យមានការរីកចម្រើន សមជាទីសក្ការៈ ដែលមានលក្ខណះត្រឹមត្រូវ តាមពុទ្ធានុញ្ញាតិសម្រាប់ ព្រះសង្ឃធ្វើសង្ឃកម្មផ្សេងៗ មានឧបោសថកកម្មជាដើម តាមសេចក្តីត្រូវការ។
ជាចុងក្រោយ ឧកញ៉ា ជា លាងហុង និងឧកញ៉ា ហ៊ួត ចាន់ថូ បានផ្តាំផ្ញើរ ក្មួយៗជាសិស្សានុសិស្ស ត្រូវដឹងគុណគ្រូ មាតាបិតា ធ្វើជា កូនល្អ ដឹងពីពុទ្ធសាសនា ប្រសិនបើវប្បធម៌ធ្លាក់ចុះ នឹងបង្កើតឲ្យមានអំពើហឹង្សា ការប្រើប្រាស់គ្រឿងញៀនជាដើម ដូចពាក្យស្លោក ថា «ព្រះសង្ឃពឹងវិន័យ មន្រ្តីពឹងវត្ត» ហើយត្រូវទុកព្រះសង្ឃ ជាស្រែបុណ្យ ត្រូវមានសីលធម៌គោរព ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ។ លោកឧកញ៉ាបន្ដថា ចំពោះអាជ្ងាធរមូលដ្ឋាន ត្រូវថែរក្សា សន្តិសុខសង្គម អនុវត្តគោលនយោបាយយុទ្ធសាស្រ្តទាំង៩ចំណុច ឲ្យបានល្អ និងសូមប្រជាពលរដ្ឋទាំងអស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍។
ជាងនេះទៅទៀត ក្រុមលោកឧកញ៉ាទាំងអស់ដែលបានចូលរួម ក៏បានឧបត្ថម្ភ ថវិកាបន្ថែមផងដែរ សម្រាប់កសាងក្នុងវត្តសុគន្ធារាម ហៅវត្តទូរ៉ី ក្នុងនោះមាន លោកឧកញ៉ា ហ៊ួត ចាន់ថូ ថវិកា១០០០ដុល្លារ ឧកញ៉ា ឡូវ ហ៊ឹង ថវិកា១៥០០ដុល្លារ ឧកញ៉ា ជា លាងហុង ថវិកា៨០០០ដុល្លារ លោក ឡេង យូ ថវិកា១០០០ដុល្លារ លោក ហ៊ន គឹមឡេង ថវិកា១០០០ដុល្លារ សុរបទាំងអស់១២,៥០០ដុល្លារ៕