(ស្ទឹងត្រែង)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យសិប្បកម្មកែច្នៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុន (ឃែស៊ូណាត់) នៅខេត្តស្ទឹងត្រែង បង្កើនសង្វាក់ផលិតកម្ម ដើម្បីនាំចេញផលិតផលសម្រេចទៅទីផ្សារក្រៅប្រទេស ដើម្បីឱ្យមានការប្រកួតប្រជែង និងបានផ្តល់ការងារឱ្យកូនចៅប្រជាពលរដ្ឋធ្វើនៅក្នុងស្រុក។

ការជំរុញបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងឱកាសអញ្ជើញពិនិត្យសង្វាក់ផលិតកម្ម កែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជាប់ផលិតផលសម្រេចសម្រាប់នាំចេញ របស់សិប្បកម្មក្រុមហ៊ុន ឃែស៊ូណាត់ នៅខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា នេះជាភាពរីកចម្រើនថ្មីមួយទៀត សម្រាប់ខេត្តស្ទឹងត្រែង ក្នុងពេលដែល រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បានចាត់ទុកវិស័យឯកជនជាដែគូមួយយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

លោក ឌិត ទីណា បានបន្តថា៖ «ដើម្បីឱ្យអតិថិជនបានស្គាល់ពីស្នាដែខ្មែរយើងក្នុងការកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុកម្ចាស់សិប្បកម្មត្រូវពង្រីកសង្វាក់ផលិតកម្មបន្ថែម ហើយប្រជាកសិករត្រូវខិតខំប្រឹងប្រែងសិក្សាពីបច្ចេកទេសដាំដុះ ការថែទាំ ការកែច្នៃផលិតផលសម្រេចជាលក្ខណៈគ្រួសារដើម្បីយើងបង្កើនទុនឱ្យបានច្រើន សម្រាប់ឈានទៅពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនឡើង»

បើតាមលោកស្រី មុត ចរិយា នាយិកាក្រុមហ៊ុន បានបញ្ជាក់ថា បច្ចុប្បន្នក្រុមក្រុមហ៊ុន ឃែស៊ូណាត់ បានកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី បានចំនួន៥ប្រភេទសម្រាប់ធ្វើការនាំចេញទៅ កាន់ទីផ្សារ ដែលមានរសជាតិខុសៗពីគ្នាហើយធ្វើការវេចខ្ជាប់តាមស្តងដា នៃការបញ្ជាទិញ។

លោកស្រីបានបន្តថា «ផលិតផលដែលកំពុងវេចខ្ជាប់ទាំង៥ប្រភេទនេះ មានរសជាតិប្រៃ, ទឹកដោះគោ, ឈើឯម និងតុំយ៉ាំ ដែលផ្នែកទីផ្សារបរទេសបញ្ជាទិញ ហើយបច្ចុប្បន្នការផលិតផលក្នុងមួយថ្ងៃត្រូវប្រើវត្ថុធាតុដើមចំនួន ១តោនគ្រាប់ (សំឡេង) អ្វីដែលយើងចង់បាននោះ គឺយើងចង់បានប្រេនរបស់យើងដូចសំបកវេចខ្ជាប់របស់យើងអញ្ចឹង ផលិតផលចុងក្រោយយើងមានអែត (O U) ទាំងអស់  ទាំងការធ្វើអ្វីផ្សេងៗ សព្វគ្រប់បែបយ៉ាងរក្សាបង្កើតប្រេនរបស់យើងលក់ផលិតផលសម្រេចនាំចេញទៅប្រទេសជប៉ុន អាមេរិក ហើយមានខ្លះទៀតនាំទៅកូរ៉េផងដែរ វាបានល្អប្រសើរជាងលក់ពាក់កណ្ដាលសម្រេច»

លោកស្រី ភី ណារី កម្មការិនីផ្នែកវេចខ្ជាប់គ្រាប់ស្វាយចន្ទី បានគាំទ្ររាល់សកម្មភាពដែលផ្នែករោងចក្រកំពុងដំណើរការអភិវឌ្ឍនេះ ហើយប្រជាពលរដ្ឋនៅតំបន់នេះក៏បានសាទរព្រោះកូនចៅមានការងារ ដោយមិនបាច់ធ្វើចំណាកស្រុកទៅលក់កម្លាំងពលកម្មនៅក្រៅប្រទេសនោះទេ។

លោកស្រីបន្តថា កម្មករធ្វើការនៅសិប្បកម្មកែច្នៃគ្រាប់ស្វាយនេះ មានកិច្ចការងារធ្វើដូចរដ្ឋដែរ ដោយទទួលបានប្រាក់ឧបត្ថម្ភចាប់ពី ៧០ម៉ឺនរៀល ទៅ១លានរៀល តាមទំហ៊ុំការងារនៅក្នុងរោងចក្រ។

សូមបញ្ជាក់ថា ក្រុមហ៊ុនឃែស៊ូណាត់ ជាសិប្បកម្មកែច្នៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទី នៅខេត្តស្ទឹងត្រែង បានបើកដំណើរការបាន៣ឆ្នាំមកហើយ បច្ចុប្បន្នកំពុងពង្រីកសង្វាក់ផលិតកម្មបន្ថែម ដើម្បីទាញយកកម្លាំងពលកម្មបន្ថែមក្នុងពេលដែលក្រុមហ៊ុនប្រើប្រាស់វត្ថុធាតដើមចំនួន១តោនគ្រាប់ ក្នុងមួយថ្ងៃ៕