(អាមេរិក)៖ លោក Fethullah Gule អ្នកប្រាជ្ញអ៊ីស្លាម និងជាគូវិវាទដ៏ខ្លាំងក្លា ជាមួយនឹងប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan បានបដិសេធថា ពិតជាមិនបានស្ថិត នៅពីក្រោយការញុះញង់ ឲ្យមានរដ្ឋប្រហារនៅ ប្រទេសតួកគីឡើយ ហើយការទាមទារ បត្យាប័នពីអាមេរិកនោះ ក៏នឹងមិនបានសម្រេចដែរ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦។
លោក Gulen ក៏ជាមេដឹកនាំដ៏សំខាន់នៅក្នុង ចលនា Hizmet នៅក្នុងប្រទេសតួកគីផងដែរ ដែលបានលើកស្ទួយការ អប់រំតាមបែបអ៊ីស្លាមទំនើប ប៉ុន្តែក្រោយមកត្រូវបានលោក Erdogan ចោទថាជាក្រុមភេរវកររួច ក៏ឈានដល់ការ និរទេសរូបលោកទៅអាមេរិក កាលពីឆ្នាំ១៩៩៩។ លោក Gulen នៅតែប្រកែករាល់ការចោទប្រកាន់ទាំងអស់ ជាពិសេសការដែលថាលោកជា មេខ្លោងនៅពីក្រោយរដ្ឋប្រហារ កាលពីយប់ថ្ងៃសុក្រទី១៥ ខែកក្កដា ដែលបានបណ្តាលឲ្យមនុស្សសរុបជាង ៣២០នាក់បាត់បង់ជីវិត និង១,៤០០នាក់រងរបួស។
លោក Gulen បានថ្លែងប្រាប់ AFP ថា «ខ្លួនខ្ញុំផ្ទាល់គ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ សហរដ្ឋអាមេរិកជាប្រទេស ដែលគោរពច្បាប់។ ការគោរពច្បាប់គឺស្ថិតនៅ លំដាប់កំពូលហើយនៅទីនេះ។ ខ្ញុំមិនជឿថារដ្ឋាភិបាលអាមេរិក នឹង ចាប់អារម្មណ៍រឿងនេះ ហើយធ្វើអ្វីមួយដែលមិនស្រប ទៅតាមច្បាប់នោះឡើយ។ ប៉ុន្តែការពិតនោះ ខ្ញុំក៏នឹងត្រូវស្លាប់ នោថ្ងៃណាមួយដែរ។ ដូច្នេះទោះបីជាខ្ញុំស្លាប់ លើគ្រែ ឬក៏ក្នុងគុកក៏ខ្ញុំមិនខ្វាយខ្វល់ដែរ»។
គួរបញ្ជាក់តាមការផ្សាយរបស់ CNN ថា សំណើរជាផ្លូវការពីរដ្ឋាភិបាលតួកគីក្នុងការនាំខ្លួនលោក Gulen វ័យ ៧៥ឆ្នាំត្រឡប់មកវិញនេះ នឹងត្រូវបញ្ជូនទៅអាមេរិកនៅប៉ុន្មានថ្ងៃទៀត។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី បានថ្លែងតបវិញថា ទីក្រុងអង់ការ៉ា ត្រូវតែផ្តល់នូវ «ភស្តុតាង ជាជាងការចោទប្រកាន់» ទៅលើលោក Gulen៕