(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូ យុវជនមជ្ឈិមសហព័ន្ធយុវជនកុម្មុយនីស្តវៀតណាម ដឹកនាំដោយលោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបំរុង នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាធិការទី១ នៃមជ្ឈិម សហព័ន្ធយុវជនកុម្មុយនីស្តវៀតណាម និងជាប្រធានគណ:កម្មាធិការជាតិស្តីពីយុវជនវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងឱកាសជំនួបនោះ លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) បានថ្លែងនូវការអបអរសាទរ និងកោតសសើរ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ, ការគ្រប់គ្រងបានយ៉ាងល្អនូវជំងឺកូវីដ-១៩ ដែលធានាបាននូវសុខុមាលភាពប្រជាជន, ការដឹកនាំ ដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា ជាពិសេស ការរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានយ៉ាងល្អ និងឆ្ពោះទៅរៀបចំការប្រកួតកីឡាប៉ារាហ្គេម នាពេលឆាប់ៗនេះ។

លោកបានបង្ហាញនូវការបន្តរឹតចំណងមិត្តភាព សាមគ្កីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធិបន្ថែមទៀត ដើម្បីរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ។ នៅក្នុងជំនួបនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងការប្រារព្ធខួបទី ៥៦ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ។

សម្តេចកិត្តិសង្គបណ្ឌិត បានកោតសសើរដល់យុវជនទាំងពីរប្រទេស និងបានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយ ត្រូវរៀនសូត្រពីយុវជនជំនាន់មុន តាមរយៈនៃការផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក ជាពិសេស ក្នុងការចាប់យកនូវចំណុចល្អ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលនៃសុខសន្តិភាព។

សម្ដេចកិត្តិសង្គហបណ្ឌិត សង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀតទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ បក្សទាំងពីរ និងយុវជនទាំងពីរកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ។

កិច្ចពិភាក្សាបានផ្តោតលើបទពិសោធន៍របស់ស្ថាប័នយុវជននៃប្រទេសទាំង២ ក្នុងការចូលរួមជាមួយ នឹងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ជាពិសេសលើការប្រយុទ្ធប្រឆាំង ដោយជោគជ័យ នៃការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍ការងារ គណៈប្រតិភូនៃប្រទេសទាំង២ បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហការបន្ថែមទៀត ជាពិសេសក្នុងក្របខណ្ឌ នៃការអភិវឌ្ឍយុវជន៕