(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបសំណេះសំណាល និងពិភក្សាការងារជាមួយលោក ចាស្តីន ខេវីន វីយ៉ាត ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ២៤ខែ ឧសភា ឆ្នាំ២០២៣នៅទីស្តីការក្រសួងសង្គមកិច្ច ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី វង សូត បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកឯកអគ្គរដ្ឋទូតអូស្ត្រាលី និងបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតថា កម្ពុជាបានទទួលជោគជ័យ ក្នុងការការពារទប់ស្កាត់ជំងឺកូវីដ-១៩បានល្អប្រសើរ ដោយយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ជាមួយគ្នានេះ កម្ពុជានាពេលថ្មីៗនេះ បានរៀបចំព្រឹត្តិការណ៏កីឡាអាស៊ីហ្គេមលើកទី ៣២ ទទួលបានការកោតសរសើរ ពីប្រជាពលរដ្ឋនិង ប្រទេសជាច្រើន ដែលចាត់ទុកនេះជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា។

ជាមួយគ្នានោះ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយកម្ពុជាតាមរយៈអង្គការនានាដែលកំពុងតែមានប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា លើផ្នែកមនុស្សធម៌ និងការងារផ្សេងៗអំឡុងពេលដែលពិភពលោក និងកម្ពុជា រាតត្បាតដោយសារតែជំងឺកូវីដ-១៩ ។ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត សង្ឃឹមថា កិច្ចសហប្រតិបត្តិបន្តទៀត រវាងកម្ពុជា និងអូស្ត្រាលី និងទទួលបានផ្លែផ្កាបន្ថែមទៀតត។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចាស្តីន ខេវីន វីយ៉ាត បានជម្រាបជូនរដ្ឋមន្ត្រីថា លោកពេញចិត្តដែលបានមកបំពេញការងារជាថ្មីម្តងទៀតនៅកម្ពុជា។ កាលពីអំឡុងឆ្នាំ២០០២ លោកបានមកធ្វើការងារនៅកម្ពុជាម្តងរួចមកហើយ។

លោកឯកអគ្គរដ្ឋទូតថា ការវិលត្រឡប់មកវិញ ក្នុងនាមជាឯកអគ្គរដ្ឋទូតនៅពេលនេះ បានមើលឃើញថា កម្ពុជាមានការប្រែប្រួលជឿនលឿន ខុសពីមុន គឺមានការរីកចម្រើន គួរឱ្យកោតសរសើរ។

លោកបានរម្លឹកថា កម្ពុជានិង អូស្រ្តាលីមានចំណងការទូតជាមួយគ្នាជាច្រើនឆ្នាំណាស់ហើយ និងបានប្រារព្វខួបអនុស្សាវរិយ៏ជាមួយគ្នា នាពេលកន្លងទៅ។

លោកក៏បានចូលរួមក្នុងព្រឹត្តិការណ៏អាស៊ីហ្គេមដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ហើយក្នុងពេលដ៏ខ្លីខាងមុខនេះ ឯកអគ្គរដ្ឋទូតរំពឹងថា និងបានចូលរួមក្នុងព្រឹត្តិការណ៏អាស៊ីប៉ារ៉ាហ្គេមលើកទី១២ ផងដែរ។

លោកបន្តថា ក្រសួងសង្គមកិច្ច គឺជាដៃគូរសហការ យ៉ាងជិតស្និទ្ធជាមួយអូស្ត្រាលី ហើយក៏បានតាមដានកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាដែរ។អំឡុងពេលកូវីដ-១៩ និងកម្មវិធីនានា។ សម្រាប់អូស្រ្តាលី ការធានាឱ្យមានបរិយាបន្ននេះ គឺសំខាន់ណាស់សម្រាប់គោលការណ៏របស់អូស្ត្រាលី ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក៏បានលើកឡើងទាក់ទិន និងវិស័យពិការភាព បានកំពុងតែរៀបចំឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសច្បាប់នានា ដើម្បីឱ្យឆ្លើយតបទៅនឹងស្ថានភាពសង្គមដែលកំពុងតែមានការអភិវឌ្ឍពីមួយឆ្នាំមួយឆ្នាំ៕