(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បើកកិច្ចប្រជុំលើកទី១៨ អាណត្តិទី១របស់ខ្លួន ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈមួយចំនួនដែលបានគ្រោងទុក ក្រោមអធិបតីលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖
១. សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍។
២. សេចក្ដីព្រាងប្រកាសស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ ប្រាក់បំណាច់មាតុភាព និងវិភាជន៍បូជាសព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានជាកាតព្វកិច្ច។

លោក អ៉ិត សំហេង បានលើកសំណើដាក់ជូនសមាជិកក្រុមប្រឹក្សាភិបាល ប.ស.ស. ត្រូវពិនិត្យ និងពិភាក្សាដោយការយកចិត្តទុកដាក់ខ្ពស់ លើសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីឱ្យសេចក្ដីសម្រេចនេះអនុវត្តទៅមានប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវារបស់បេឡាជាតិសន្តិសុខសង្គម ត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយចីរភាព ស្របតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម។

បន្ទាប់ពីបានប្រជុំពិនិត្យនិងពិភាក្សាយ៉ាងផុសផុល ក្រុមប្រឹក្សាភិបាល ប.ស.ស. បានកែសម្រួលនូវឃ្លោងឃ្លាពាក្យពេចន៍លើសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលមាន៦ជំពូក ១៧ប្រការ និងប្រកាសបានមួយចំនួន។ ចំពោះចំណុចដែលនៅសេសសល់ក្រុមប្រឹក្សាភិបាល ប.ស.ស. នឹងបន្តក្នុងកិច្ចប្រជុំពិភាក្សានាពេលក្រោយតាមការគ្រោងទុក។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន១០រូប៕