(ម៉ានីល)៖ ប្រទេសហ្វីលីពីន បានច្រានចោលនូវគំរោងរៀបចំកិច្ចពិភាក្សាទ្វេភាគី ដែលរៀបចំឡើងដោយប្រទេសចិន ដោយសារតែ ទីក្រុងប៉េកាំងបដិសេធមិនព្រមទទួលស្គាល់នូវសាលក្រមរបស់តុលាការឡាអេ លើបញ្ហាសមុទ្រចិន ខាងត្បូងដែលបានចេញកាលពីថ្ងៃទី១២ ខែកក្កដា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay បាននិយាយថាលោក បានជួបជាមួយនឹងសមភាគីចិន Wang Yi នៅក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប នៅទីក្រុងអ៊ូឡង់បាទ័រ នៃប្រទេសម៉ុងហ្គោលី កាលពីចុងសប្តាហ៍មុន ហើយក្នុងនោះ ភាគីទាំងអស់បានព្រមព្រៀងគ្នាទៅតំបន់មួយដែល «មិនត្រូវទៅ»។
លោក Yasay ថ្លែងពីប្រតិកម្ម និងការចង់បានរបស់ចិននៅក្នុងកិច្ចពិភាក្សាដូច្នេះថា «ពួកគេបាននិយាយថា ប្រសិនបើយើងនៅតែទទូចឲ្យមានការអនុវត្តតាមសាលក្រម ហើយយកវាមកធ្វើការពិភាក្សាគ្នានោះ ការប្រឈមមុខដាក់គ្នាប្រាកដជាអាចកើតមានឡើង»។
ទោះបីជាបែបនេះប្រទេសហ្វីលីពីន នៅតែបង្ហាញក្តីសង្ឃឹមថានឹងអាចមានច្រកចេញដើម្បីដោះស្រាយបញ្ហាប្រកប ដោយភាពស្ងាត់ស្ងៀម។ លោក Yansay បានបង្ហើបថា លោក Wang Yi ចង់ឲ្យមានកិច្ចពិភាក្សាទ្វេភាគី ដោយមិនត្រូវ យកសាលក្រមតុលាការឡាអេមកចូលរួមនោះទេ ក៏ប៉ុន្តែហ្វីលីពីនមិនបានយល់ព្រមធ្វើតាមការចង់បាននេះដែរ ព្រោះវាមិនមែនជាផលប្រយោជន៍របស់ប្រជាជាតិហ្វីលីពីន៕