(កំពង់ធំ)៖ លោក សួង សោភ័ណ្ឌ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត «សោភ័ណ្ឌ» មានទីតាំងស្ថិតនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទទួលទានម្ហូបអាហារ ត្រូវគិតពីបញ្ហា សុខភាពជាចម្បង ខណៈក្នុង១ថ្ងៃ ប្រមូលទិញបានប្រហែលពី៥០០-៦០០ ទៅ ១,០០០គីឡូក្រាម ដើម្បីផ្គត់ផ្គង់ទីផ្សារនៅតាមបណ្ដាខេត្តផ្សេងៗ និងបានរួមចំណែកលើកស្ទួយសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News បានប្រចាំខេត្តកំពង់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក សោភ័ណ្ឌ បានថ្លែងថា «សិប្បកម្មកែច្នៃត្រីងៀតរបស់ខ្ញុំមានអនាម័យល្អ ធ្វើការលាងសម្អាត ដោយប្រព័ន្ធទឹកចម្រោះទឹកស្អាត និងធ្វើការហាលសម្ងួតក្នុងឡសូឡា ហើយធ្វើការវេចខ្ចប់នៅក្នុងបន្ទប់វិញខ្ចប់ ដោយមានអនាម័យ ហើយនៅមានការវេចខ្ចប់អ៊ុតបឺតខ្យល់... សម្រាប់ចែកចាយទៅក្រៅប្រទេស និងដាក់តាមម៉ាត»

លោកបន្តថា សិប្បកម្មរបស់លោកទទួលបានការគាំទ្រពីគម្រោងឃែបហ្វ៊ីស (Capfish) ជាមួយរដ្ឋបាលជលផលដោយបានជំរុញឱ្យយើងអនុវត្តតាមក្បួនអនាម័យ ជួយជាឧបករណ៍ និងសម្ភារ ដើម្បីជួយសម្រួលដល់ការងារ និងបង្កើនទំនុកចិត្ត គុណភាពត្រីងៀតរបស់យើង ដើម្បីសុខភាពរបស់អ្នកបរិភោគ ហើយសិប្បកម្មរបស់លោកបានធ្វើការប្រមូលទិញត្រីពីកសិករចិញ្ចឹមក្នុងស្រុក តាមតំបន់ជុំវិញទន្លេសាប និងតំបន់ផ្សេងៗ ដោយក្នុង១ថ្ងៃ ប្រមូលទិញបានប្រហែលពី៥០០-៦០០ ទៅ ១,០០០គីឡូក្រាម ដើម្បីផ្គត់ផ្គង់ទីផ្សារនៅតាមបណ្ដាខេត្តផ្សេងៗ។

សម្រាប់ការដឹកជញ្ជូនវិញ គឺមានការរក្សាទុកក្នុងទូរជាក់ ដើម្បីរក្សាគុណភាពត្រី និងអ្នកជំនាញធ្វើត្រី គឺជាអ្នកស្រុកភូមិតំបន់ក្បែរៗនេះ។ បន្ទាប់ពីធ្វើរួចរាល់ យើងបានធ្វើការលាងសម្អាត ហើយប្រឡាក់ និងផ្អាប់ចោលរយៈពេល ១យប់ លុះព្រឹកឡើង ក៏ធ្វើលាងសម្អាតវា ហើយយកទៅហាលនៅក្នុងទូរសម្ងួតសូឡា។

លោកបានបញ្ជាក់ថា «ក្រៅពីយកត្រីស្រស់ៗ មកធ្វើហើយគឺមានការលាងសម្អាតដោយប្រព័ន្ធទឹកចម្រុះស្អាត អាចនិយាយបានថាទឹកបរិសុទ្ធជឿជាក់ (ធានាបាន) ថាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគឡើយ។ ហើយការប្រឡាក់ត្រីនេះ ខ្ញុំមិនប្រើប្រាស់សារធាតុរក្សាទុកបានយូរទេ តែប្រឡាក់ដោយគ្រឿងធម្មតាអំបិល ស្ករ ប៊ីចេង មិនឱ្យវាប៉ះពាល់ដល់សុខភាពអ្នកបរិភោគទេ»។

លោកសូមអំពាវនាវ និងផ្សព្វផ្សាយជូនបងប្អូន ជាពិសេសអ្នកទទួលទាន បច្ចុប្បន្ននេះបញ្ហាសុខភាពជាទ្រព្យដ៏សំខាន់ ពិសេសការជ្រើសរើសអាហារយកទៅបរិភោគ គួរគប្បីគិតគូរដល់សុខភាពជាចម្បង៕