(ភ្នំពេញ)៖ ភូមិគ្រឹះមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ នៅបន្ទប់ជាន់ទី៣ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចេញអន្ដរាគមន៍ជួយសង្គ្រោះ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ មិនឲ្យអណ្តាតភ្លើងឆាបឆេះរាលដាលទៅមុខទៀតឡើយ។ ប្រតិបត្តិការនេះ សមត្ថកិច្ចប្រើប្រាស់ទឹកអស់២០ឡាន ដោយក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់១៤ឡាន និងរថយន្តកងពលតូចលេខ៧០ ចំនួន៣គ្រឿង ប្រេីប្រាស់ទឹកអស់២ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។

ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជាន់ទី៣ អស់ចំនួន២បន្ទប់ និងពុំបានបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ដោយក្នុងនោះ ជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ (២៥ម៉ែត្រ គុណ៣០ម៉ែត្រ)។ ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ មិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡេីយ ខណៈមូលហេតុ ដោយសារជាងផ្សាដែកធ្លាក់កម្ទេចធូប៕