(កណ្ដាល)៖ នគរបាលស្រុកមុខកំពូល បានឃាត់ខ្លួនមុខសញ្ញាសកម្មចែកចាយថ្នាំញៀនជាញឹកញាប់ រួចបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ហើយ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទីនៅចំណុចផ្ទះជួល ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

របាយការណ៍នគរបាលឲ្យដឹងថា ជនសង្ស័យឈ្មោះ សុង វ៉េងសេង អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន)។

វត្ថុតាងដកហូតរួមមាន៖

*ទី១៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២០កញ្ចប់ ក្នុងនោះមធ្យម ១៣កញ្ចប់ ធំចំនួន០៧កញ្ចប់
*ទី២៖ ទួរស័ព្ទដៃម៉ាក សាំសុង ចំនួន១គ្រឿង
*ទី៣៖ ជញ្ចីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន១។

របាយការណ៍ បានបញ្ជាក់ទៀតថា នៅវេលាម៉ោងថ្ងៃខែឆ្នាំកើតហេតុខាងលើ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ បានទទួលទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន។

ពេលនោះកម្លាំងបានចុះដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យហើយឃាត់សួរនាំ និងឆែករកឃើញម្សៅក្រាមពណ៌សថ្លាដែលសង្ស័យជាសារធាតុញៀនចំនួន២០កញ្ចប់ ក្នុងនោះធំ០៧កញ្ចប់ និងមធ្យមចំនួន១៣កញ្ចប់។

របាយការណ៍បន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីជនមិនស្គាល់ឈ្មោះនៅភ្នំពេញ ម្ដង១គីឡូក្នុង តំលៃ ៧៤០០ដុល្លារ ដើម្បីយកមកចែកចាយបន្ត។
ចំពោះជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តនីតិវិធី៕