(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិត Seyyed Ebrahim Raisi ប្រធានាធិបតីនៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាតំបន់នានា និងបានផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអ៉ីរ៉ង់ លើវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជននៃតំបន់ទាំងពីរ។

បន្ទាប់ជួបពិភាក្សាជាមួយប្រធានាធិបតីអ៉ីរ៉ង់រួច លោកបណ្ឌិត កៅ គឹមហួន បានបន្តពិសាអាហារការងារពេលព្រឹកជាមួយលោក Joo-Ok Lee ប្រធានរបៀបវារៈតំបន់ និងភូមិសាស្ត្រនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួន ដើម្បីបង្កើនកិច្ចសហការ និងភាពជាដៃគូរវាងអាស៊ាន និងវិស័យឯកជន។

នៅថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយពីការិយាល័យរបស់ប្រធានាធិបតីអ៉ីរ៉ង់។ នៅក្នុងកិច្ចសម្ភាសន៍នោះ អគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈអំពីតួនាទី របស់អាស៊ាននៅក្នុងសេដ្ឋកិច្ចរបស់អាស៊ីនាពេលអនាគត ព្រមទាំងប្រធានបទសំខាន់ៗមួយចំនួនទៀត៕