(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ជំរុញ​ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា និងគ្រប់ផ្នែកពាក់ព័ន្ធត្រូវរួមគ្នារក្សាឱ្យបាននូវទម្រង់ដើមនៃវប្បធម៌ខ្មែរ រាល់ពេលកសាង ឬរៀបចំសិល្បៈណាមួយត្រូវធ្វើឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត បញ្ជាក់ឱ្យបានច្បាស់លាស់នៃសម័យកាលសិល្បៈនីមួយៗ ដើម្បីជៀសវាងការនាំឱ្យមានការយល់ច្រឡំដល់អ្នកជំនាន់ក្រោយ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅទីតាំងថ្មី ព្រម​ទាំងចែកសញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោបានដាស់តឿនឱ្យមានការប្រុងប្រយ័ត្នចំពោះវប្បធម៌ខ្មែរ ដូចជាការកសាងបដិមា ព្រះវិហារ សំណង់ ឬការច្នៃម៉ូដសម្លៀកបំពាក់បុរាណ ឬការបង្កើតសិល្បៈ ឬក៏ការធ្វើអ្វីផ្សេងដែលពាក់ព័ន្ធនឹងវប្បធម៌ខ្មែរ គឺត្រូវធ្វើឱ្យបានត្រឹមត្រូវតាមទម្រង់ដើម ឬតាមក្បួនខ្នាតដែលបន្សល់ទុកពីដូនតាជំនាន់មុន។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ប្រយ័ត្ន១០០ឆ្នាំក្រោយ ឬ៥០ឆ្នាំក្រោយ បែរជាអ្នកជាន់ក្រោយនោះដែលទទួលតំណពីយើងអត់ត្រូវតាមក្បួនខ្នាត ដែលខ្ញុំសូមស្នើឱ្យមានការប្រុងប្រយ័ត្ន ពិសេសបញ្ហាបដិមា រូបចម្លាក់ផ្សេងៗ»

សម្ដេចតេជោ ហ៊ុន សែន បានបន្តដាស់តឿនថា ចំពោះផ្នែកសម្លៀកបំពាក់បុរាណក៏ត្រូវប្រសិទ្ធនាមឱ្យច្បាស់ថានៅសម័យណាៗ ព្រោះសិល្បៈមានទម្រង់ផ្សេងៗតាមសម័យកាល ដូចជាសម័យអាណាចក្រភ្នំ អាណាចក្រចេនឡា សម័យអង្គរ សម័យចតុម្មុខ សម័យលង្វែក សម័យឧដុង្គ សម័យអាណានិគមជាដើម។

សម្ដេចតេជោនាយករដ្ឋមន្ត្រីមិនជឿសោះឡើយចំពោះការផ្លាស់ប្ដូរវប្បធម៌របស់ជាតិសាសន៍ណាមួយ ដោយសារមានការបង្ខិតបង្ខំ ឬដោយការឈ្លានពានវប្បធម៌ពីសំណាក់ជាតិសាសន៍ដទៃ តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺខ្លាចតែការផ្លាស់ប្ដូរវប្បធម៌នោះធ្វើឡើងដោយការស្ម័គ្រចិត្ត ឬក៏មកពីការយល់ច្រឡំ ធ្វើមិនច្បាស់លាស់ មិនត្រឹមត្រូវតាមក្បួនខ្នាត ឬទម្រង់មរតកដើម។

សម្ដេចតេជោថ្លែងបន្តថា «ការឈ្លានពានខាងវប្បធម៌ ខ្ញុំអត់ជឿទេ ខ្ញុំនៅតែអះអាងថា មិនមានការឈ្លានពានវប្បធម៌នោះទេ តែអ្វីដែលភ័យខ្លាចបំផុត គឺការទទួលយកដោយការស្ម័គ្រចិត្ត នេះទើបជារឿងដែលត្រូវប្រុងប្រយ័ត្ន»។

សម្ដេចតេជោបានរំឭកដល់រយៈកាលដែលបារាំងបានដាក់អាណានិគមមកលើកម្ពុជាជាង៩០ឆ្នាំក៏ពិតមែន ប៉ុន្តែបារាំងមិនអាចកែប្រែវប្បធម៌កម្ពុជាបាននោះទេ ព្រោះប្រជាជនកម្ពុជាមិនចង់ទទួលវប្បធម៌បារាំងនោះឡើយ ក្នុងនោះវត្តអារាមរបស់ខ្មែរក៏នៅរក្សាទុកអក្សរសាស្ត្របានគង់វង្ស និងមានអ្នកប្រាជ្ញមួយចំនួនក៏បានជួយជ្រោមជ្រែងការពារវប្បធម៌ខ្មែរពីបុរាណមកដែរ។

សម្ដេចបានលើកឡើងនូវករណីវត្តខ្លះ នៅពេលកសាងរូបព្រះពុទ្ធបដិមា គឺប្រើពុម្ភចាក់មិនត្រឹមត្រូវតាមក្បួនខ្នាត ដូច្នេះត្រូវប្រុងប្រយ័ត្នប្រកបដោយយកចិត្តទុកដាក់ចំពោះក្បួនខ្នាតនៃការកសាងអ្វីដែលមួយដែលពាក់ព័ន្ធនឹងវប្បធម៌ខ្មែរសុទ្ធសាធ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានហាមប្រាមចំពោះការវាយបំផ្លាញចោលនូវព្រះវិហារ កុដិ ឬសំណង់បុរាណដែលមានតម្លៃផ្នែកវប្បធម៌ ព្រោះនឹងនាំទៅដល់ការបាត់បង់កេរដំណែលដូនតា និងមរតកជំនាន់ដើម និងនាំឱ្យបាត់ស្លាកស្នាមនៃក្បួនខ្នាតដើមផងដែរ៕