(អង់ការ៉ា)៖ អតីតអគ្គមេបញ្ជាការកងទ័ពអាកាសតួកគីលោកឧត្តមសេនីយ៍ Akin Ozturk និងមន្ត្រីក្រោមឱវាទចំនួន ២៦រូបផ្សេងទៀត ត្រូវបានតុលាការ ចោទប្រកាន់ពីបទចូលរួមផ្សំគំនិត និងជាមេខ្លោង នៃការធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Tayyip Erdogan កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦។
ឆ្លើយតបទៅនឹងការចោទប្រកាន់ក្នុងតុលាការនោះ លោក Akin Ozturk បានបញ្ជាក់ថា «ខ្ញុំមិនមែនជាអ្នកដែល រៀបចំផែនការ ឬ ដឹកនាំធ្វើរដ្ឋប្រហារនោះទេ។» ការលើកឡើងបែបនេះ មានន័យថាលោកគ្រាន់តែជាអ្នកចូលរួម នៅពេលដែលបានឃើញសន្ទុះនៃរដ្ឋប្រហារកក្រើកឡើងខ្លាំងក្លាតែប៉ុណ្ណោះ។ រដ្ឋាភិបាលតួកគី កំពុងតែអនុវត្តន៍នៅ ឡើយតាមការប្តេជ្ញារបស់ខ្លួនកាលពីចុងសប្តាហ៍មុន ក្នុងការបោសសម្អាតអ្នកដែលបានផ្សំគំនិត និងចូលរួមធ្វើរដ្ឋប្រហារ ជាពិសេសនោះ គឺមេខ្លោងធ្វើរដ្ឋប្រហារដែលគេសង្ស័យថាជាលោក Fethullah Gulen រស់នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ក្រោយរដ្ឋប្រហារបួនថ្ងៃ រដ្ឋាភិបាលតួកគីបានធ្វើការបោសសម្អាតតាមរយៈការ ចាប់យោធាដែលបានចូលរួមធ្វើរដ្ឋប្រហារចំនួនជាង ៦,០០០នាក់ឃុំខ្លួន, ដកមន្ត្រីរដ្ឋាភិបាល និងថ្នាក់ខេត្តជិត ១០,០០០នាក់ចេញពីតំណែង, និង ការស្នើសុំរដ្ឋាភិបាលអាមេរិកឲ្យផ្តល់បត្យាប័នបញ្ជូនខ្លួនលោក Gulen ពីរដ្ឋ Pennsylvania ត្រឡប់មកកាន់តួកគី វិញដើម្បីចាត់ការជនសង្ស័យរូបនេះទៅតាមនីតិវិធីច្បាប់៕