(វៀតណាម)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីជំនួបមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីភាគីកម្ពុជា រួមនឹងភាគីវៀតណាម បានចុះពិនិត្យមើលដោយផ្ទាល់ទីតាំងត្រៀមរៀបចំពិធីនៅតំបន់ព្រំដែនត្រីកោណមរកត (កន្ទុយនាគ) ដែលជាបង្គោលព្រំដែនគោកទី១ នៃចំណុចប្រសព្វគ្នារបស់ប្រទេសទាំង៣ កម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ និងទីតាំងមួយចំនួនទៀត នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ក្រុមការងារក៏បានចុះតាមទីតាំងចុះយន្តហោះ ទីតាំងធ្វើសកម្មភាពផ្នែកសុខាភិបាលយោធា ជួយពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋ នៅឃុំងុកហ៊ួយ ខេត្តកនទុំ ប្រទេសវៀតណាម ទីតាំងសម្រាប់ថ្នាក់ដឹកនាំប្រទេសទាំង៣ ចែកអំណោយនៅក្នុងភូមិសាស្រ្តមួយចំនួនរបស់ខេត្តកនទុំ សាធារណរដ្ឋសង្គមនិយមវៀតណាម និងនៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី។

ការចុះនៅតាមទីទាំងខាងលើនេះ បន្ទាប់ពីក្រុមការងាររៀបចំប្រារព្ធពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្រ្តីលើកទី១ កម្ពុជា-វៀតណាម និងបានប្រជុំពិភាក្សាលម្អិតការងាររៀបចំប្រារព្ធពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្រ្តីចំនួន០៣ប្រទេសកម្ពុជា-វៀតណាម-ឡាវ នៅឯទីរួមខេត្តកនទុំ ប្រទេសវៀតណាម (Kon Tum Province Veitnam) កាលល្ងាចថ្ងៃទី១៨ ខែឧសភារួច។

ក្រោយការចុះពិនិត្យគ្រប់ទីតាំងសម្រាប់ការរៀបចំរបស់ភាគីមិត្តវៀតណាម ភាគីកម្ពុជាបានឯកភាពលើគ្រប់ទីតាំងដែលបានរៀបចំ តាមការគ្រោងទុករបស់ក្រុមការងារភាគីទាំង៣ ប្រទេសកម្ពុជា-វៀតណាម-ឡាវ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ការជួបប្រជុំពិភាក្សាលម្អិតស្ដីពីការប្រុងប្រៀបរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីលើកទី១ នៃប្រទេសទាំងបីកម្ពុជា-វៀតណាម-ឡាវ គឺជាការផ្ដល់ឱកាសដល់ក្រុមការងារកងទ័ពប្រទេសទាំង៣ បានពង្រឹងពង្រីកកាន់តែជិតស្និទ្ធ នូវចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការពីគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

តាមរយៈនៃការចុះមកពិនិត្យដោយផ្ទាល់ដល់ទីតាំងតំបន់ព្រំដែនគោកត្រីកោណមរកត (កន្ទុយនាគ) នឹងធ្វើឱ្យភាគីប្រទេសទាំង៣ មើលឃើញកាន់តែច្បាស់អំពីការពួតដៃគ្នា ពូនជ្រុំកសាងខ្សែបន្ទាត់នៃតំបន់ព្រំដែនប្រទេសទាំង៣ ប្រកបដោយស្ថេរភាពនយោបាយ សន្តិសុខ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន៕