(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមការងារនាយទាហានកងទ័ពអាកាសទ្វេភាគីកម្ពុជា-ថៃ បានបើកកិច្ចប្រជុំប្រចាំឆ្នាំឡើងវិញ បន្ទាប់ពីវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ១៩ បានធូរស្បើយពីការឆ្លងរាលដាលក្នុងសហគមន៍។
កិច្ចប្រជុំក្រុមការងារនាយទាហានកងទ័ពជើងអាកាសទ្វេភាគីកម្ពុជា-ថៃ បានចាប់ផ្តើមកាលពីឆ្នាំ២០១៤ ហើយកិច្ចប្រជុំនេះបានផ្លាស់ប្តូរទីកន្លែងប្រជុំស្របតាមភាគីធ្វើជាម្ចាស់ផ្ទះប្តូរវេនម្តងម្នាក់។
កិច្ចប្រជុំក្រុមការងារនាយទាហានកងទ័ពអាកាសទ្វេភាគី ជាគំនិតផ្តួចផ្តើមនៃកងទ័ពអាកាសកម្ពុជា និងកងទ័ពអាកាសភូមិន្ទថៃ ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ការផ្តល់ព័ត៌មានពីសភាពការណ៍ផ្សេងៗ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានរវាងកងទ័ពអាកាសទាំងពីរ...។ល ។
បើទោះស្ថិតក្នុងដំណាក់កាលប្រឈមជំងឺកូវីដ១៩ កងទ័ពអាកាសទាំងពីរនៅតែបន្តការងាររបស់ខ្លួនតាមរយៈប្រព័ន្ធ ZOOM ដោយគ្មានការអាក់ខានឡើយ។ កិច្ចប្រជុំនេះ បាននាំមកនូវផលប្រយោជន៍ចម្បងក្នុងការបណ្តុះបណ្តាលជំនាញដល់នាយទាហានកងទ័ពអាកាសទាំងពីរ។ មានន័យថា ជំនួបកិច្ចប្រជុំបាននាំមកផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរួមរវាងកងទ័ពអាកាសទាំងពីរក្នុងសហគមន៍អាស៊ាន។
កិច្ចប្រជុំក្រុមការងារនាយទាហានកងទ័ពអាកាសលើកទី៩ បានចាប់ដំណើរការកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់នាយទាហានកងទ័ពអាកាសភូមិន្ទថៃ នៅកម្ពុជា ក្រុមនាយទាហានបានអញ្ជើញបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ-ឈ្នះ ព្រះបរមរាជវាំង...។ល។
កិច្ចប្រជុំក្រុមការងារនាយទាហានកងទ័ពអាកាសទ្វេភាគីកម្ពុជា-ថៃ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក យិន សុខា មេបញ្ជាការរងកងទ័ពជើងអាកាស និងវត្តមានលោកឧត្តមសេនីយ៍ត្រី គុជ ស៊ីនិត លោកឧត្តមសេនីយ៍ត្រី យ៉ែម បុណ្យរ៉េត លោកឧត្តមសេនីយ៍ត្រី មាស វុត្ថា និងនាយទាហានជំនួយការជាច្រើនរូបទៀត។
ដោយឡែកភាគីកងទ័ពអាកាសភូមិន្ទថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពីប៊ុន វរ៉ាវ៉ាន់ព្រីឆា នាយសេនាធិការរងនៃកងទ័ពអាកាសភូមិន្ទថៃ រួមនឹងនាយទាហានជំនាញជាច្រើនរូប។
ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៩ ប្រចាំឆ្នាំ២០២៣ ភាគីកងទ័ពអាកាសទាំងពីរបានឯកភាពគ្នាផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សទៅវិញទៅមក និងអញ្ជើញភាគីកងទ័ពជើអាកាសក្នុងនាមជាអ្នកសង្កេតការណ៍សមយុទ្ធសង្គ្រោះ និងមនុស្សធម៌ប្រចាំឆ្នាំ២០២៤៕