(កណ្តាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកណ្តាល បានចេញលិខិតបំភ្លឺមួយ ជូនដល់អង្គភាពប្រឆាំងអំពើពុករលួយ ជុំវិញភាពមិនប្រក្រតីក្នុងមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកណ្តាល។
ការចេញលិខិតបំភ្លឺទៅ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) ពីសំណាក់ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកណ្តាល នាពេលនេះ ធ្វើឡើង ក្រោយពី អ.ប.ព បានទទួលពាក្យបណ្តឹងពាក់ព័ន្ធទៅនឹង ភាពមិនប្រក្រតី ក្នុងមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកណ្តាល។
គួរបញ្ជាក់ថា យោងតាមលិខិតបញ្ជាក់របស់ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកណ្តាល បានឲ្យដឹងថា ក្រោយពីទទួលបានលិខិត លេខ០២១/ ១៦ លឆ.ប ចុះថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ របស់អង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការសុំពិនិត្យ ដោះស្រាយពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ចូន ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ការិយាល័យរដ្ឋបាលបុគ្គលិក បានចុះលេខ៤២៩ សក.កណ ចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ដោយបានកំណត់បង្ហាញ រឿង ដាក់ជូនថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ចូនសុំការសម្រេចតាមឋានានុក្រម។ ក្រោយមក លោក ម៉ឹង យូឡេង បានចាត់លោក ជូរ ឈុនឡេង អនុប្រធានមន្ទីរ ទទួលបន្ទុក និងលោក ម៉ក់ ពុទ្ធី ប្រធានអង្គភាពចុះបញ្ជី និងផ្តល់ប័ណ្ណបើកបរយានយន្តតាមផ្លូវគោក បានកោះអញ្ជើញមន្រ្តីពាក់ព័ន្ធបើកកិច្ចប្រជុំ ដើម្បីពិនិត្យជាបន្ទាន់៕
ខាងក្រោមនេះ គឺជាលិខិតបំភ្លឺរបស់ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកណ្តាល ពាក់ព័ន្ធទៅនឹង ភាពមិនប្រក្រតី ក្នុងមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកណ្តាល៖