(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យ លោក MORI MASAHIKO ប្រធានក្រុមហ៊ុន DMG MORI ប្រទេសជប៉ុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោក MORI MASAHIKO បានគោរពជម្រាបជូនសម្តេចតេជោ អំពីមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដែលមជ្ឈមណ្ឌលនេះ មានគោលបំណង៣ ទី១៖ គឺចូលរួមជំរុញការធ្វើឌីជីថលបនីយកម្ម ឧស្សាហកម្មនៅកម្ពុជា ទី២៖ ចូលរួមជំរុញការអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យឌីជីថល ឧស្សាហកម្ម និងទី៣៖ ជំរុញកិច្ចសហប្រតិបត្តិការ រវាងឧស្សាហកម្ម ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល ។

លោក MORI MASAHIKO បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា មជ្ឈមណ្ឌលផលិតកម្ម ឌីជីថលឧស្សាហកម្មនេះ ជាគម្រោងដែលមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយម៉ាស៊ីនដែលយកមកកម្ពុជា នៅពេលនេះ គឺជាម៉ាស៊ីនដែលទំនើបបំផុត និងជាម៉ាស៊ីនដែល ចាំបាច់បំផុតសម្រាប់បម្រើឲ្យឧស្សាហកម្ម នាយុគ្គសម័យឌីជីថល ។

លោក MORI MASAHIKO បានបន្ថែមថា ក្រុមហ៊ុន DMG MORI នឹងនៅបន្តហ្វឹកហាត់ដល់កម្ពុជាក្នុងការប្រើប្រាស់ម៉ាស៊ីន និងបង្រៀនដល់និស្សិតកម្ពុជា ហើយឆ្លៀតក្នុងឱកាសនោះដែរ លោក MORI MASAHIKO ក៏បានគោរពស្នើសុំសម្ដេចតេជោ មេត្តាជួយគាំទ្រលើគម្រោងនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងបានជម្រាបជូនលោក MORI MASAHIKO ថា កម្ពុជាកំពុងជំរុញផ្នែកឌីជីថល។ កម្ពុជាមានគោលដៅ២ សម្រាប់វិស័យឧស្សាហកម្ម ទី១ ជំរុញការវិនិយោគលើវិស័យឧស្សាហកម្មបម្រើឲ្យការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់សម្រាប់ការនាំចេញ។ ទី២.ទាក់ទាញបច្ចេកវិទ្យាថ្មីៗ មកផលិតនៅកម្ពុជា។

ចំពោះសំណើរបស់លោក MORI MASAHIKO សុំការគាំទ្រពីសម្ដេចនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចមិនត្រឹមតែគាំទ្រទេ ថែមទាំងបានស្នើសុំឲ្យ ក្រុមហ៊ុន DMG MORI និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន បន្តជួយកម្ពុជាថែមទៀត ដើម្បីធ្វើឲ្យកម្ពុជាអាចឈានឆ្ពោះទៅមុខលើវិស័យឌីជីថលនេះ៕