(ភ្នំពេញ)៖ លោក ឯម សូផាត សមាជិក គ.ជ.ប បានអំពាវនាវចំពោះគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី គ្រប់លំដាប់ ថ្នាក់ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងអនុវត្តតាមសេចក្តីណែនាំរបស់ គ.ជ.ប និងតាមតួនាទីភារកិច្ចរបស់ខ្លួនដើម្បីធានាឱ្យដំណើរការ ចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយរលូនល្អ ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។

លោក ឯម សូផាត បានថ្លែងថា គោលបំណងនៃការផ្តល់បណ្ណព័ត៌មាន អ្នកបោះឆ្នោតនេះទី១ ដើម្បីជួយផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការបានយល់ដឹងអំពីកាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត លេខរៀង ឈ្មោះ និងទិន្នន័យរបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលត្រូវប្រើនៅពេលបោះឆ្នោតទី២ បង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត ក្នុងការរកឃើញការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវបោះឆ្នោត និងទី៣ បង្កភាពងាយស្រួលដល់លេខាធិការនៃគណៈកម្មការការិយាល័យបោះឆ្នោតក្នុងការរកឃើញឈ្មោះអ្នកបោះឆ្នោតភ្លាមៗ ដើម្បីឱ្យអ្នកបោះឆ្នោតអាចបោះឆ្នោតបានឆាប់រហ័ស។

ចំពោះរបៀបផលិត និងទម្រង់បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ លោក ឯម សូផាត បានគូសបញ្ជាក់ថា បណ្ណព័ត៌មានអ្នកបោះឆ្នោត ត្រូវបានផលិតតាមលក្ខណៈបច្ចេកទេសកុំព្យូទ័រដោយការផ្ទេរឈ្មោះ និងទិន្នន័យមួយចំនួនរបស់អ្នកបោះឆ្នោត ពីបញ្ជីបោះឆ្នោតផ្លូវការនៃការិយាល័យបោះឆ្នោតពាក់ព័ន្ធមានន័យថាឈ្មោះ រូបថត និងទិន្នន័យអ្នកបោះឆ្នោតនៅលើបញ្ជី បោះឆ្នោតផ្លូវការ និងនៅលើបណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដូចគ្នាទាំងស្រុង។

លោកបានបន្តថា បណ្ណនេះត្រូវបានបោះពុម្ពសងខាង ដោយនៅផ្នែកខាងមុខ បោះពុម្ពអក្សរពណ៌ខ្មៅ លើផ្ទៃក្រដាសពណ៌ស។ ចំណែកផ្នែកខាងខ្នងវិញ បោះពុម្ពអក្សរពណ៌ក្រហម លើផ្ទៃក្រដាសពណ៌ផ្ទៃមេឃខ្ចី ដើម្បីកុំឱ្យមានការភាន់ច្រឡំជាមួយនឹងប ណ្ណ ព័ ត៌មានអ្នកបោះឆ្នោតលើកមុនៗ។ ហើយនៅក្នុងឆ្នាំនេះចំនួន បណ្ណព័ត៌មានអ្នកបោះឆ្នោតដែល គ.ជ.ប ត្រូវបោះពុម្ព គឺស្មើនឹងចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានចំនួនសរុប ៩,៧១០,៦៥៥សន្លឹក។

លោក ឯម សូផាត បានប្រៀបធៀបថា បណ្ណព័ត៌មានអ្នកបោះឆ្នោត ឆ្នាំ២០២៣ មានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ដោយ គ.ជ.ប បានបញ្ចូលបន្ថែមរូបថតសាមីអ្នកបោះឆ្នោតទៅក្នុងផ្នែកខាងមុខនៃបណ្ណដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត។

លោក ឯម សូផាត បានបញ្ជាក់ទៀតថា បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានឡើយ។

ចំពោះអវត្តមានរបស់តំណាងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ក្នុងក្រុមចែកបណ្ណព័ត៌មាន មិនអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតឡើយ។ រីឯគណបក្សនយោបាយ និងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមិនមែនជាសមាជិកក្រុមចែកបណ្ណព័ត៌មានអាចបញ្ជូនតំណាងរបស់ខ្លួនឱ្យតាមសង្កេតមើលដំណើរការនៃការចែកបណ្ណព័ត៌មាន ក្នុងឃុំ សង្កាត់ពាក់ព័ន្ធបាន។

អំពីកាលបរិច្ឆេទនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត លោក ឯម សូផាត បានជម្រាប ជូនថា ចែកជូនប្រជាពលរដ្ឋតាមភូមិនានាក្នុងឃុំ សង្កាត់ចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ ចំពោះបណ្ណ ដែលនៅសល់ នៅតែបន្តចែកនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដែលតម្រូវឱ្យប្រជាពលរដ្ឋត្រូវទៅទទួលបណ្ណព័ត៌មានអ្នកបោះឆ្នោតដោយខ្លួនឯង ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងការចេញបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន លោក ឯម សូផាត បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ គ.ជ.ប បានចេញបណ្ណសម្គាល់ខ្លួនជាផ្លូវការជូនអ្នកសារព័ត៌មានជាតិចំនួន ២២០នាក់ (ស្រី ២៣នាក់) មកពី ២១ អង្គភា ព និងអ្នកសារព័ត៌មានអន្តរជាតិចំនួន ៣០នាក់ (ស្រី ២នាក់) មកពី១៤អង្គភាព។

ក្នុងកិច្ចប្រជុំនោះ លោក ឯម សូផាត ក៏បានលើកឡើងផងដែរអំពីក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោតដែលរួមមាន អំពីសិទ្ធិរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបម្រាមចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលត្រូវបានហាមឃាត់មានដូចជា៖ ការផ្សាយព័ត៌មានដែលធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតការបន្លំឱ្យគេយល់ខុសដូចជា៖ ការសរសេរបញ្ឆិត បញ្ឆៀងដើម្បីឱ្យសាធា រណជនមានការសង្ស័យ ដោយអយុត្តិធម៌លើបុគ្គលណាម្នាក់ ឬ /និងក្រុមបក្សណាមួយ។ល។

ឆ្លើយទៅនឹងសំណួររបស់ភាគីចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងឯកសារប្រើសម្រាប់បោះឆ្នោត គ.ជ.ប បានបញ្ជាក់ជូនថា គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ប្រើសម្រាប់បោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ប្រសិនបើបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ទើបអាចបោះឆ្នោតបាន។ ការធ្វើឯកសារនេះត្រូវធ្វើក្នុងរយៈពេល ៣០ថ្ងៃ មុនថ្ងៃបោះឆ្នោត គឺចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងបន្ទាប់មកយកទៅជួបមេឃុំ ចៅសង្កាត់ ដើម្បីចុះហត្ថលេខា និងបោះត្រាផ្តល់សុពលភាពទើបអាចប្រើសម្រាប់ បោះឆ្នោតបាន៕