(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បានថ្លែងបញ្ជាក់ថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលកន្លងមកសម្តេចតែងតែមានវត្តមា​នជានិច្ចដើម្បីដោះស្រាយបញ្ហាលំបាកជូនពលរដ្ឋ ដោយពុំដែលទុកពលរដ្ឋចោលឡើយ។

លោកស្រីបណ្ឌិត កុយ ពិសី បានលើកឡើងយ៉ាងដូចនេះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយសមាជិកជាក្រុមបង្គោលបក្សប្រជាជនកម្ពុជា នៅឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

លោកស្រីបណ្ឌិត កុយ ពិសី ក៏បានលើកឡើងពីគុណសម្បត្តិរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងបានខិតខំប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញពីផេះផង់នៃសង្គ្រាម រហូតបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចមួយប្រកបដោយថាមវន្ត និងមានភាពរស់រវើក តាមរយៈការដាក់ចេញ និងការអនុវត្តគោលនយោបាយ, យុទ្ធសាស្ត្រ និងវិធានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រកបដោយភាពប្រាកដនិយម និងដោយផ្តោតលើតម្រូវការជាក់ស្តែង, ជីវភាពនិងសុខទុក្ខរបស់ប្រជាជនជាធំ។

លោកស្រីបណ្ឌិត កុយ ពិសី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យមានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការស្រោចស្រពវ៉ាក់សាំងកូវីដ១៩ នៅគ្រប់រាជធានី-ខេត្ត បានធ្វើឲ្យប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន អាចគ្រប់គ្រង និងបេីកដំណេីរការប្រទេសបាន ព្រមទាំងជំរុញកំណេីនសេដ្ឋកិច្ច-សង្គមបានឡើងវិញផងដែរ។

បន្ថែមពីនេះដែរ លោកស្រីបណ្ឌិត កុយ ពិសី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសបន្តទៅមុខទៀត និងរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាបន្តបន្ទាប់ទៀតផងដែរ៕