(ក្រចេះ)៖ លោក ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចុះត្រួតពិនិត្យបណ្ដុំអាជីកម្មបន្លែផ្ទះសំណាញ់របស់ប្រជាពលរដ្ឋ និងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់លក្ខណៈគ្រួសារ នៅឃុំចង្រ្គង់ និងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ បានបញ្ជាក់ថា បណ្ដុំអាជីវកម្មបន្លែនៅភូមិថ្មគ្រែលើ ឃុំថ្មក្រែ ស្រុកចិត្តបិរី បង្កើតនៅឆ្នាំ២០១៩ មានសមាជិក១៦នាក់។ បច្ចុប្បន្នកសិករកំពុងដាំដុះបន្លែ ដើម្បីផ្គត់ផ្គង់ទីផ្សារ រួមមាន បន្លែស្ពៃក្រញ៉ាញ់ ត្រសក់ឡើង ត្រឡាច និងពោត ដែលអាចផ្គត់ផ្គង់បានចំនួន ៦០០០គីឡូក្រាម ក្នុង១ខែ បានសាងសង់ផ្ទះសំណាញ់ចំនួន៤ខ្នង និងបានពង្រីកផ្ទៃដីដាំដុះបន្លែចំនួន១០០០ម៉ែត្រការ៉េ។

លោកបញ្ជាក់ថា ចំពោះកសិដ្ឋានចិញ្ចឹមមាន់ តាមលក្ខណៈពាណិជ្ជកម្មសហការជាមួយក្រុមហ៊ុន ស៊ីភី នៅភូមិចង្រ្គង់ ឃុំចង្រ្គង់ ស្រុកចិត្របុរី បានបង្កើតក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលសាងសង់លើផ្ទៃដីប្រមាណ១០ហិតា បច្ចប្បន្នកសិដ្ឋាននេះបានសាងសង់រោងចិញ្ចឹមមាន់ចំនួន៤រោង មានមាន់សរុប២៦០០០ក្បាល។

កសិដ្ឋាននេះ ផ្ដល់បច្ចេកទេសរៀបចំផ្គត់ផ្គង់កូនមាន់ ចំណី ថ្នាំ និងវ៉ាក់សាំងផ្សេងៗដោយក្រុមហ៊ុន និងបានកុងត្រាជាមួយក្រុមហ៊ុន ស៊ីភី ពេលចិញ្ចឹមបាន គឺក្រុមហ៊ុន ស៊ីភី ប្រមូលទិញទាំងអស់ដើម្បីផ្គត់ផ្គង់ខេត្តផ្សេងៗទៀត។ រយៈពេលចិញ្ចឹមមាន់ប្រហែលជា ៦០ទៅ ៦៥ថ្ងៃ មាន់មានទម្ងន់ ១.២គីឡូក្រាម ជាទម្ងន់ស្ដង់ដារបស់ក្រុមហ៊ុន។

ក្នុងឱកាសនោះ លោក ឌិត ឌីណា បានថ្លែងថា ថ្ងៃនេះលោកបានមកជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង អ្នកទទួលបន្ទុកគម្រោងទាំងអស់ដើម្បី ត្រួតពិនិត្យមើលថាគម្រោងរបស់យើងត្រូវហើយ ឬនៅ ហើយបើមានអ្វីមិនល្អ យើងត្រូវកែតម្រូវទៀត បើសិនជាល្អហើយ យើងយកទៅធ្វើនៅកន្លែងផ្សេងទៀត ដើម្បីឲ្យល្អដូចគ្នា។ លោកថា ក្រោយពីដើរមើលប្រព័ន្ធដាំដុះឃើញថាមានការរីកចំរើនជាងមុនឆ្ងាយ ប៉ុន្តែវាឲ្យអស់បញ្ហាមិនអស់ទេបញ្ហា វាចេះតែមានតទៅទៀត យើងត្រូវតែកែលម្អឲ្យមានប្រសិទ្ធភាពឡើង។

លោកបាជំរុញឲ្យកសិករឱ្យសិក្សាពីបច្ចេកទេសច្បាស់លាស់ នៃការចិញ្ចឹម ស្វែងយល់ពីខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងតម្លៃទីផ្សារ និងប្រសិទ្ធភាពសេដ្ឋកិច្ច។ លើសពីនេះទៀត ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ហើយត្រូវបន្តប្រើប្រាស់អគ្គិសនីសម្រាប់វិស័យកសិកម្មដើម្បីបូមទឹកនៅពេលយប់ ព្រោះអគ្គីសនីសម្រាប់វិស័យកសិកម្មមានតំលៃថោកជាង ជាពិពេសសប្រើនៅពេលយប់ ចាប់ពីម៉ោង ៩ឡើងទៅតំលៃភ្លើងតែជាង ៤០០រៀងតែប៉ុណ្ណោះ ធ្វើឲ្យបងប្អូនចំណេញច្រើន និងប្រើប្រាស់សូឡាបូមទឹកខ្នាតតូចនៅពេលថ្ងៃ ព្រមទាំងកែច្នៃឱ្យអស់លទ្ធភាពទាំងលាមកមាន់ជាដើម ដើម្បីបន្ថយចំណាយក្នុងផលិតកម្ម បង្កើនប្រាក់ចំណូល និងប្រាក់ចំណេញ ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ច៕