(បន្ទាយមានជ័យ)៖ ព្រះពុទ្ធរូប ផ្លូវបេតុង និងសមិទ្ធផលនានា នៅបរិវេណជើងភ្នំខ្លាកូនថ្មី ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធឆ្លង និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគារធិការង នៃអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

ក្នុងពិធីនាសប្ដាហ៍កន្លងទៅនេះ ក៏មានការអញ្ជើញចូលរួមពីឧកញ៉ា ហេម ចិន្តា អគ្គមហាឧបាសិកាពុទ្ធសាសរូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន, ឧកញ៉ា ហង្ស ស៉ីផា និងលោកស្រី សោម រដ្ឋា ព្រមទាំងបុត្រ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

សមិទ្ធផលដែលសម្ពោធនៅពេលនេះ ជាការផ្ដួចផ្ដើមកសាងដោយ លោកឧកញ៉ា ហង្ស ស៉ីផា និងលោកស្រី សោម រដ្ឋា ដែលក្នុងនោះរួមមាន៖

* បេតុងជំហានដំបូងចាក់ដីក្រាលថ្មមិច កិនបង្ហាប់ដំបូងប្រវែង ២,៥១១ម៉ែត្រ ទទឹង៧ម៉ែត្រ ហើយចាក់បេតុងកម្រាស់១.៥តឹក ទទឹង៦.៣តឹក សរុបថវិកា៤៣៩,៤២៥ដុល្លារ
* ដាក់ចញ្ចើមបកឌាផ្លូវ ៥,០០០ដុំ អស់ថវិកាចំនួន ២៥,១១០ដុល្លារ
* រូបសំណាក់បដិមាករ កម្ពស់១០ម៉ែត្រ ធ្វើជណ្ដើរឡើងភ្នំ១០០កាំ ចាក់បេតុងទទឹង១ម៉ែត្រ រូបចម្លាក់ផ្ទាំងជាប់ជញ្ជាំងភ្នំរូបដំរី ១គូរ ចំណាយថវិកាអស់ចំនួន ៣៥,០០០ដុល្លារ
* ដាំដើមឈើចំនួន៥០០ដើម អស់ថវិកា២០,០០០ដុល្លារ បានដាក់បង្គោលភ្លើងសូឡា១០០ដើម អស់ថវិកាចំនួន១២,០០០ដុល្លារ សរុបចំណាយថវិកាលើការកសាងទាំងអស់ចំនួន៥៣១,៥៣៥ដុល្លារ។

លោកឧកញ៉ា ហង្ស សុីផា បានលើកឡើងថា យើងទាំងអស់គ្នាបានរួមគ្នាកសាងសមិទ្ធផលនានារួមគ្នា ធ្វើពិធីបុណ្យឆ្លងមានទឹកចិត្តសប្បាយរីករាយនេះឱកាសនេះ គឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព ពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកសង្ឃឹមជឿជាក់ថា សមិទ្ធផលទាំងអស់នេះនឹងបម្រើផលប្រយោជន៍សាធារណៈ ជាពិសេសកាត់បន្ថយការលំបាកដល់ ប្រជាពលរដ្ឋយ៉ាងច្រើន ហើយជាទីគោរពសក្ការៈបូជាចំពោះពុទ្ធបរិស័ទជិតឆ្ងាយ និងហាត់ប្រាណ៕