(ព្រះសីហនុ)៖ ពិព័រណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម ថៃ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ ជាមួយការទទួលបានភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់ ចូលរួមទស្សនា។

ពិធីបិទពិព័រណ៍នេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងលោក គួច ចំរើន អភិបាលខេត្ដ។ កម្មពិធី «ពិព័រណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម ថៃ ឆ្នាំ២០២៣» បានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ នៅទីលានតេជោ ក្នុងក្រុងព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា ក្រោមប្រធានបទ «គោលដៅរួមតែមួយរីកចម្រើនរួមគ្នា One Common Goal: Growing Together» ដែលមាន៣ប្រទេសចូលរួម ក្នុងនោះមាន កម្ពុជា វៀតណាម និងថៃ នៅខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃនេះ មានភ្ញៀវចូលរួមទស្សនាសរុបប្រមាណ២ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណ ១ពាន់នាក់ ដោយមានថ្នាក់ដឹកនាំក្រសួងទេសចរ អភិបាល-អភិបាលរងខេត្តតំបន់ឆ្នេរ ប្រទេសទាំង៣ រាជធានី ខេត្ត វិស័យឯកជន សារព័ត៌មាន និងធុរជន អ្នកលក់ អ្នកទិញសរុបប្រមាណ ២០០នាក់។

ក្នុងអំឡុងពេល នៃព្រឹត្តិការណ៍ពិព័រណ៌នេះ មានកិច្ចប្រជុំស្ដីពីការជំរុញលំហូរទេសចរតំបន់ឆ្នេរ នៃរបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) ដឹកនាំដោយ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានពិភាក្សាលើឱកាស និងបញ្ហាប្រឈម ការជំរុញលំហូរទេសចរណ៍ តាមបណ្តាខេត្តតំបន់ឆ្នេររវាងកម្ពុជា វៀតណាម ថៃ ផ្ដោតលើ៤ចំណុចគឺ ការសម្របសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ, ការអភិវឌ្ឍ និងវិនិយោគផលិតផលទេសចរណ៍, ការផ្សព្វផ្សាយព្រឹត្តិការណ៍ CVTEC និងទេសចរណ៍ និងយុទ្ធសាស្ត្រ CVTEC។

កម្មវិធីជំនួបធុរកិច្ចទេសចរណ៍រវាងអ្នកលក់ និងអ្នកទិញ និងសារព័ត៌មានអន្តរជាតិ ដែលបានចូលរួមបានវាយតម្លៃខ្ពស់ ចំពោះខេត្តព្រះសីហនុ ដែលមានមន្ទីទេសចរណ៍ និងសភាពាណិជ្ជកម្ម ជាអ្នកសម្របសម្រួលរៀបចំ មានការគាំទ្រដោយក្រសួងទេចរណ៍ ដែលបានរៀបចំកិច្ចប្រជុំ អមដោយព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា មានលក្ខណៈល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យ សង្ឃឹមថានឹងមានលំហូរភ្ញៀវទេសចរជាតិ អាស៊ាន និងអន្តរជាតិ ចូលមកកាន់គោលដៅទេសចរណ៍តំបន់ឆ្នេរ នៃប្រទេសទាំង៣ កាន់តែច្រើនឡើងនៅពេលខាងមុខ។

បន្ទាប់ពីប្រតិភូអ្នកលក់អ្នកទិញ និងអ្នកសារព័ត៌មានជាតិ ក៏ដូចជាអន្តរជាតិ នឹងនាំយកនូវលទ្ធផល ដែលទទួលបានពីការចូលរួមពិព័រណ៍ CVTEC ទៅផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងភ្ញៀវទេសចរ ឲ្យបានទូលំទូលាយបន្ថែមទៀត។

ក្នុងឱកាសនោះ លោក នី ផល្លី បានសម្តែងចេញពីអារម្មណ៍ សោមនស្សរីករាយក្រៃលែងដែលបានចូលរួមជាអធិបតី និងមានការស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងរីករាយជាខ្លាំងចំពោះប្រតិភូអ្នកលក់អ្នកទិញ និងអ្នកសារព័ត៌មានជាតិ ក៏ដូចជាអន្តរជាតិបានចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម ថៃ (CVTEC) នៅលើទឹកដីតំបន់ឆ្នេរខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃនេះ។

លោកបន្តថា រយៈពេលជិតបីឆ្នាំកន្លងផុតទៅ វិស័យទេសចរណ៍ដែលជាសសរស្ដម្ភសេដ្ឋកិច្ចដ៏សំខាន់ បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការរាតត្បាត នៃជំងឺកូវីដ១៩។ តែពេលនេះយើងមានសេចក្តីរីករាយ ដែលពិភពលោកទាំងមូលបានខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយ ក្រោមស្មារតីយោគយល់ និងជួយគ្នាទៅវិញទៅមក។ ដោយឡែកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រប់គ្រងសភាពការណ៍បានយ៉ាងជោគជ័យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសវិស័យទេសចរណ៍ងើបឡើងវិញយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ លោក ម៉ាង ស៊ីណេត បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងសភាពាណិជ្ជកម្ម-ឧស្សាហកម្ម សមាគមទេសចរណ៍ ធុរៈកិច្ចទេសចរណ៍ Group of Buyer and Seller និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលបានចំណាយពេលវេលា និងធនធាន ព្រមទាំងបានចូលរួមសហការយ៉ាងសកម្ម ធ្វើឲ្យព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម ថៃ (CVTEC) ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។

គួរជម្រាបថា ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា នៃប្រទេសទាំងបីគឺ មានសារៈសំខាន់ និងបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការចូលរួមផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព» ដើម្បីលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ សំដៅលើការទាក់ទាញភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ឲ្យកាន់ច្រើននៅឆ្នាំ២០២៣ និងផ្សាភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ ព្រមទាំងផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រ និងទាក់ទាញទេសចរជាតិអន្តរជាតិ រវាងខេត្តតាមតំបន់ឆ្នេរ នៃប្រទេស កម្ពុជា វៀតណាម និងថៃ ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជា ជាពិសេសតំបន់ទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក»