(ភ្នំពេញ)៖ ផ្ដើមចេញពីសេចក្ដីស្រឡាញ់រាប់អានចំពោះប្រជាជនកម្ពុជា អ្នកគ្រូ គួ យ៉ាង (Guo Yang) ដែលជាគ្រូជនជាតិដើមបង្រៀនភាសាចិននៅទីស្ដីការក្រសួងទេសចរណ៍ជិត៦ខែមកនេះ បានបង្ហាញនូវការពេញចិត្តចំពោះការគោរពស្រឡាញ់របស់សិស្សនិងប្រជាជនកម្ពុជា ហេតុនេះហើយទើបអ្នកគ្រូមានគម្រោងបង្កើតសមាគមអប់រំសមល្មមមួយ ដើម្បីផ្ដល់ការបង្រៀនភាសាចិន និងការអប់រំផ្សេងទៀតដល់សិស្សកម្ពុជាបន្តទៅទៀត។

គួរជម្រាបថា ក្រសួងទេសចរណ៍បានសហការជាមួយគ្រូស្ម័គ្រចិត្តជនជាតិចិនបើកបង្រៀនភាសាចិនកម្រិតបឋមដោយឥតគិតថ្លៃ មានអ្នកគ្រូ គួ យ៉ាង ជាគ្រូបង្គោល ដែលមានបទពិសោធន៍បង្រៀនជាង១៥ឆ្នាំនៅប្រទេសចិន មានវិធីសាស្ត្រនិងគន្លឹះល្អៗសម្រាប់សិស្ស។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អ្នកគ្រូ គួ យ៉ាង បានចាត់ទុកសិស្សរបស់អ្នកគ្រូ និងប្រជាជនកម្ពុជាដទៃទៀតដូចជាមិត្តភក្តិជិតស្និទ្ធ ហើយរីករាយក្នុងការស្ម័គ្រចិត្តបង្រៀនភាសាចិនដល់សិស្សកម្ពុជា សិស្សកម្ពុជាក៏បានផ្ដល់ក្ដីស្រឡាញ់ស្មោះត្រង់ដល់អ្នកគ្រូវិញដែរ។

យុវតី សៀវ មៀវឡេង ដែលជាសិស្សរៀនភាសាចិនជាមួយអ្នកគ្រូ គួ យ៉ាង ដែរនោះ បានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលបានមកសិក្សាជាមួយអ្នកគ្រូ គួ ដែលគាត់មានវិធីសាស្ត្រច្រើនក្នុងការបង្រៀនប្រកបដោយភាពងាយស្រួលសម្រាប់សិស្សគ្រប់គ្នា។ រយៈពេលជិត៦ខែមកនេះ មៀវឡេង អាចអាន អាចស្ដាប់ភាសាចិនបានខ្លះ បង្កើតប្រយោគជាភាសាចិនដោយខ្លួនឯង ចេះប្រើប្រាស់វេយ្យាករណ៍ និងអាចអានសៀវភៅជាភាសាចិនអាចយល់បាន។

យុវតី សៀវ មៀវឡេង ក៏បានថ្លែងអំណរគុណចំពោះអ្នកគ្រូ គួ យ៉ាង និងគ្រូជំនួយផ្សេងទៀតដែលបានស្ម័គ្រចិត្តមកបង្រៀនសិស្សកម្ពុជា។ ការបង្រៀននេះ ជួយឱ្យមៀវឡេងបំពេញចំណេះដឹងភាសាចិនបន្ថែម រំឭកឡើងវិញនូវចំណេះដឹងដែលបានរៀនពីមុន និងជំរុញឱ្យមៀវឡេងមានភាពក្លាហានក្នុងការឡើងអនុវត្ត ច្រៀងចម្រៀងជាភាសាចិន ក៏ដូចជាបង្កើននូវការយល់ដឹងពីវប្បធម៌ និងការរស់នៅរបស់ប្រជាជនចិន។

ឆ្លងកាត់ការបង្រៀនរយៈពេលជិត៦ខែមកនេះ អ្នកគ្រូជនជាតិចិន គួ យ៉ាង មើលឃើញថា សិស្សកម្ពុជាដែលមករៀនភាសាចិននេះ គឺមានភាពឧស្សាហ៍ព្យាយាម ក៏ប៉ុន្តែពួកគេនៅខ្វះវិធីសាស្ត្ររៀនឱ្យឆាប់យល់នៅឡើយ ដូច្នេះអ្នកគ្រូត្រូវបង្រៀនបន្ថែមឱ្យពួកគេចេះពីគន្លឹះក្នុងការរៀនឱ្យកាន់តែពូកែ ងាយចាប់បាន ពិសេសគឺការកត់ត្រាចំណុចណាដែលសំខាន់ៗ។

លោកគ្រូមានទស្សនៈយល់ឃើញថា ការចែករំលែកចំណេះដឹង និងវប្បធម៌រវាងគ្រូនិងសិស្ស និងរវាងសិស្សនិងសិស្សដូចគ្នា គឺធ្វើឱ្យពួកគេងាយស្រួលក្នុងការសិក្សាភាសាចិន បង្កើនមិត្តភាពក្នុងថ្នាក់ ទទួលបានចំណេះដឹងពីគ្នាទៅវិញទៅមក។ ការរៀនជាមួយគ្រូជនជាតិដើម ក៏ធ្វើឱ្យសិស្សឆាប់ចេះភាសាចិនផងដែរ។

អ្នកគ្រូដ៏មានចិត្តសប្បុរសរូបនេះក៏មានគម្រោងបង្កើតសមាគមមួយដើម្បីផ្ដល់ការបង្រៀនភាសាចិន និងការអប់រំផ្សេងទៀតដល់សិស្សកម្ពុជាបន្តទៅទៀត នេះក៏ព្រោះតែអ្នកគ្រូមានសេចក្ដីស្រឡាញ់រាប់អានចំពោះប្រជាជនកម្ពុជាយ៉ាងជឿជាក់។ អ្នកគ្រូមានសុទិដ្ឋិនិយមថា មានតែការអប់រំទេដែលជួយបង្កើនធនធានមនុស្ស ដែលទុនវិនិយោគដ៏ចាំបាច់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

សិស្សរបស់អ្នកគ្រូ គួ យ៉ាង និងមិត្តភក្តិកម្ពុជាពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងការលះបង់របស់អ្នកគ្រូ ដែលបានស្ម័គ្រចិត្តមកបង្រៀនភាសាចិនដល់ប្រទេសកម្ពុជាផ្ទាល់ សមិទ្ធផលរបស់អ្នកគ្រូនឹងចូលរួមកសាងធនធានមនុស្សនៅកម្ពុជាបានមួយកម្រិត។ «ស្នាមញញឹមអ្នកគ្រូ ស្ថិតក្នុងដួងចិត្តសិស្សកម្ពុជាជាប់ជានិច្ច!» សូមគោរពអរគុណអ្នកគ្រូជនជាតិចិន!៕