(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងនាមតំណាង លោកអភិបាលខេត្ត, លោក រស់ ផារិទ្ធ ប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត បានអញ្ជើញចូលរួមវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ដែលមានអ្នកចូលរួមសរុប ៣៨៦នាក់ ។

លោក រស់ ផារិទ្ធ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងអង្គការដៃគូ អង្គការទស្សនៈពិភពលោក អង្គការស្តារកម្ពុជា និងអង្គការដៃគូពាក់ព័ន្ធផ្សេងៗទៀត ព្រមកទាំងអ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសង្គម សហគមន៍(CAF) ដែលមានកិច្ចសហប្រតិបត្តការល្អក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ គណនេយ្យភាពសង្គមនៅ ក្នុងខេត្តស្វាយរៀងបានល្អប្រសើរ សំដៅលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ពិសេសសេវារដ្ឋបាលរបស់រដ្ឋបាលឃុំ សង្កាត់ សេវាមណ្ឌលសុខភាព និងសាលាបឋមសិក្សា សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយសមធម៌ និងបរិយាប័ន្ន លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

លោកបានបញ្ជាក់ជូនអង្គវេទិកាផងដែរថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានដាក់ចេញនូវកម្មវិធីកំណែទម្រង់នានារួមមាន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់តាមវិស័យនានាជាច្រើនទៀត។

លោកបានបញ្ជាក់ទៀតថា ការងារគណនេយ្យភាពសង្គម (ISAF) គឺជាការងារមួយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន ក្នុងការដឹកនាំសម្របសម្រួល សំដៅជំរុញ និងលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន តាមរយៈការជំរុញ និងលើកកម្ពស់ឱ្យ មានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅរដ្ឋបាលឃុំ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

លោកបានបន្ថែមថា បច្ចុប្បន្នផ្តោតសំខាន់ទៅលើសេវាចំនួន៣ រួមមាន សេវារដ្ឋបាលរបស់រដ្ឋបាលឃុំ សង្កាត់ សេវាមណ្ឌលសុខភាព និងសេវាសាលាបឋមសិក្សា សំដៅបង្កើនការជឿជាក់មកលើការដឹកនាំរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ នៃកត្តាសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕