(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ​គណៈ​​កម្មការទី៩ នៃរដ្ឋសភា ដើម្បីពិភាក្សា និងការពារលើសេចក្ដីព្រាងច្បាប់ស្ដីពី​ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ASEAN TRADE IN SERVICES AGREEMENT-ATISA) ដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តយល់ព្រម​ពីស្ថាប័ន​នីតិ​ប្បញ្ញត្តិ។

កិច្ចប្រជុំនេះប្រជុំនេះ ក៏មានការចូលរួមពី សមាជិក សមាជិកា ដ៏ឧត្តុងឧត្តមមក​ពី​គណៈ​កម្មាការជំនាញទាំងអស់នៃរដ្ឋសភាផងដែរ។ ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ លោកស្រី និន សាផុន ប្រធានគណៈកម្មាការទី៩ និងជាសមាជិកាគណៈ​កម្មាធិការ​អចិន្ត្រៃយ៍ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម តំណាងឱ្យរាជរដ្ឋាភិបាល និងសហការី ចូលរួមពិភាក្សា និងការ​ពារសេចក្តីព្រាងច្បាប់ខាងលើ។

បន្ថែមពីនេះ លោកស្រី ក៏បានជម្រាបជូនអង្គប្រជុំអំពីការពិនិត្យ និងសិក្សាលម្អិត​លើ​អត្ថបទសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដែលជាលទ្ធផលឃើញថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំ​ឡើង​ត្រឹម​ត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ស្រប​តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

លោករដ្ឋមន្ត្រី បានបំភ្លឺ និងជម្រាបជូនអង្គប្រជុំនូវគោលបំណងខ្លឹមសារ ក៏ដូចជា​អត្ថ​ប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នឹងផ្តល់អត្ថប្រយោជន៍សម្រាប់កម្ពុជា នៅពេលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ត្រូវបានចរចាបង្កើតឡើងក្នុងគោលបំណងពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និង​ផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុង​សហ​គមន៍​សេដ្ឋកិច្ចអាស៊ាន និងបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យ​ពា​ណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈ​ការកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម។ លើសពីនេះទៀត កិច្ចព្រម​ព្រៀងនេះ នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកអាស៊ានទាំង​អស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលា​នុ​វត្ត​ភាពកាន់តែប្រសើរ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការ​បង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើន​ការចូល​រួមរបស់សហគ្រាសធុន មីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្ម ក៏ដូចជាការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បី​សម្រេច​បាននូវសមភាព តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីប្រធាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង​ប្រែង​បំពេញភារកិច្ចរបស់លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីរាជ​ការ​នៃក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ស្របតាមគោល​នយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយទទួលបាន​លទ្ធ​ផល គួរជាទីមោទនៈ ជាពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ជាលទ្ធផល អង្គប្រជុំបានសម្តែងការគាំទ្រទៅលើសេចក្តីព្រាងច្បាប់នេះទាំងស្រុង និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីដាក់​ចូល​ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ៕