(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កាត់ពូជសត្វខ្សឹបក្រៅជម្រកធម្មជាតិចូលរួមចំណែកដល់ការរស់រានមានជីវិតនៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ។

កាលពីពេលថ្មីៗនេះ ពងខ្សឹបចំនួន២គ្រាប់ ត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ ពងខ្សឹបដែលបានប្រមូលមកត្រូវបានបញ្ជូនទៅកាន់កន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ជាកន្លែងដែលពងទាំងនេះត្រូវបានភ្ញាស់បែបសិប្បនិម្មិតដោយជោគជ័យ។

លោក នេត្រ ភក្ត្រា ក៏សូមអបអរសាទរក្រុមអ្នកជំនាញមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលធ្វើបានជោគជ័យ លើការភ្ញាស់បែបសិប្បនិម្មិតចំពោះពងសត្វខ្សឹបចំនួន២គ្រាប់ ដែលត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹប នៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ នេះពិតជាមានព័ត៌មានដ៏អស្ចារ្យសម្រាប់ក្រុមអ្នកអភិរក្ស និងប្រជាជនកម្ពុជា។

អ្នកនាំពាក្យរូបនេះ បានថ្លែងថា ពងខ្សឹបទាំង២គ្រាប់នេះ បានញាស់ក្នុងសប្តាហ៍ទីមួយនៃខែឧសភា ហើយកូនខ្សឹបទាំងពីរក្បាលត្រូវបានចិញ្ចឹមបញ្ចុកចំណីដោយអ្នកថែទាំសត្វដ៏មានបទពិសោធន៍របស់ពួកយើង។ ពួកវានឹងត្រូវបានដាក់បញ្ចូលទៅក្នុងចំនួនរបាយប្រជាសាស្រ្តសត្វខ្សឹបក្រៅជម្រកធម្មជាតិនៅ ACCB ដែលពួកវានឹងចូលរួមចំណែកដល់ការរស់រានមានជីវិតនៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ផ្អែកលើទិន្នន័យសិក្សាស្រាវជ្រាវ នៃការធ្វើជំរឿនសត្វខ្សឹប នៅតាមទីជម្រកបន្តពូជសំខាន់ៗជុំវិញតំបន់ទំនាបលិចទឹកបឹងទន្លេសាប ឆ្នាំ២០២១កន្លងទៅ ចំនួនសត្វខ្សឹបឈ្មោលដែលបង្អូតខ្លួននៅរដូវបន្តពូជមានប្រមាណ ២២៩ក្បាល ខណៈការប៉ាន់ស្មាន ចំនួនសត្វខ្សឹបទាំងអស់មាប្រមាណ ៥៥០ក្បាល។ នេះគឺជាទិន្នន័យខ្ពស់បំផុតដែលធ្លាប់បានសិក្សាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លទ្ធផលល្អនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងស្ថាប័នពាក់ព័ន្ធក្នុងនោះរួមមានក្រសួងបរិស្ថាន អង្គការ WCS, ACCB, សហគមន៍តំបន់ការពារធម្មជាតិ និងម្ចាស់ជំនួយដែលបានគាំទ្របច្ចេកទេស និងការដាក់ចុះនូវវិធានការចាំបាច់ផ្សេងៗដើម្បីការពារតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា សត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា។ សត្វប្រភេទនេះ មាននៅប្រទេសកម្ពុជា និងធ្លាប់មាននៅវៀតណាម។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ក្បាល នៅលើពិភពលោក។ សកម្មភាពការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះ ត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប» គ្របដណ្តប់លើផ្ទៃដីទំហំ ៣១.១៥៩ហិកតា លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំ និងសៀមរាប៕