(ត្បូងឃ្មុំ)៖ លោក ស៊ឹម សុធន រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក នៃមូលនិធិជនពិការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានចុះប្រគល់ផ្ទះថ្មី១ខ្នងរបស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសី ទំហំ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ ជឿន ធឿន រស់នៅភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច សាខាមូលនិធិជនពិការខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ត្រីមូលដ្ឋានជាច្រើនរូប។

ថ្លែងក្នុងកម្មវិធីនេះ លោក ស៊ឹម សុធន បានថ្លែងថា ផ្ទះ១ខ្នងនេះ គឺប្រើប្រាស់ថវិកាអស់ចំនួន ២០លានរៀល ដែលជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ជាមួយថវិកាពីសប្បុរសជននានាដែលបានចូលរួម បរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរធម៌មូលនិធិជនពិការ។

លោកផ្តាំផ្ញើការសួរសុខទុក្ខពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរបស់បងប្អូនជនពិការ។ តាមរយៈផ្ទះថ្មី១ខ្នងនេះ គឺពិតជាបានបង្ហាញពីការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនពិការក្រីក្រ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារជនពិការឱ្យទទួលបានសុខុមាលភាព និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ២យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។ បន្ថែមលើពីនេះ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក៏បានចូលរួមជាអំណោយមួយចំនួនរួមមាន មុង១ ភួយ១ កន្ទេល១ ក្រម៉ា១ សាប៊ូ និងខ្នើយ ដល់គ្រួសារជនពិការផងដែរ៕